(ម៉ូនិច)៖ ខ្សែការពារតោកំណាចអង់គ្លេស Eric Dier នឹង Bye Bye ពីក្លិបខ្លារខិន Bayern Munich នៃប្រទេសអាល្លឺម៉ង់ ពេលចប់រដូវកាលនេះ បន្ទាប់ពីទាត់ចោលសំណើកិច្ចសន្យាថ្មី ដើម្បីបន្តលេងនៅ Allianz Arena ជាបន្តទៀតនោះ។

កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ២៥ប្រកួតគ្រប់កម្មវិធីនារដូវកាលនេះ ជាមួយ Bayern Munich ក្រោមកិច្ចសន្យាខ្ចីជើងត្រឹមតែ ៦ខែប៉ុណ្ណោះពីក្លិបអង់គ្លេស Tottenham Hotspur កាលពីខែមករា ឆ្នាំ២០២៤។

ក្លិបយក្សអាល្លឺម៉ង់មួយនេះ បានចុះកិច្ចសន្យាជាអចិន្រ្ទៃយ៍ជាមួយខ្សែការពារកណ្តាលអង់គ្លេសរូបនេះនារដូវក្តៅនេះ ដែល Dier បានចូលលេងបានកើនដល់ ៤៥ប្រកួតហើយជាមួយអតីតជើងឯកអឺរ៉ុប UEFA Champions League ៦សម័យកាលមកនេះ។

យោងតាមការថ្លែងរបស់លោក Christoph Freund នាយកកីឡា Bayern ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ពួកយើងបានជជែកគ្នាពីកិច្ចសន្យាថ្មីជាមួយ Dier ដែរ ក៏ប៉ុន្តែគាត់បានប្រាប់ពួកយើងវិញថា គាត់មិនចង់បន្តកិច្ចសន្យាថ្មី ជាជាងការចាកចេញឡើយ»