(បរទេស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្រេចដាក់ពិន័យក្លិបនៅក្នុងប្រទេសកេនយ៉ា និងក្លិបមួយនៅរៀតណាម ដោយរកឃើញថាមានករណីរៀបចំលទ្ធផលការប្រកួតទុកមុន ដោយបានទម្លាក់ពួកគេទៅលេងក្នុងលីគទី៣ ប្រចាំប្រទេស ។
គណៈកម្មាធិការវិន័យរបស់ FIFA បានរកឃើញថាក្រុម Muhoroni Youth របស់ប្រទេសកេនយ៉ា មានទោសពីបទ ធ្វើសកម្មភាពពាក់ព័ន្ធនឹងការរៀបចំការប្រកួតបាល់ទាត់ ហើយបណ្តេញក្លិបនេះចេញពីក្របខ័ណ្ឌ National Super League កម្រិតទី២ ដោយធ្លាក់ទៅកាន់លីគទី៣ Kenya Division One League នៅមុនរដូវកាលក្រោយ ។
ដោយឡែកក្លិបនៅវៀតណាម Phu Tho ក៏ត្រូវបានរកឃើញថា មានកំហុសដូចករណីនេះក្នុងការរៀបចំលទ្ធផលការប្រកួត ដោយក្រុមនេះត្រូវបានទម្លាក់ចេញពីលីគទី២ ទៅកាន់លីគទី៣ របស់វៀតណាម ខណៈស្ថាប័ន FIFA បាននិយាយថា ក្លិបអាចប្តឹងឧទ្ធរណ៍បានចំពោះការសម្រេចនេះ ៕