(បរទេស)៖ ស្ថាបនិកក្រុមហ៊ុនយក្ស Amazon លោក Jeff Bezos ប្រកាសពីគម្រោងលក់ភាគហ៊ុនរហូតដល់ ២៥លានហ៊ុននៅក្នុងក្រុមហ៊ុនមួយនេះ នាឆ្នាំក្រោយ។ នេះបើយោងតាមឯកសារហិរញ្ញវត្ថុដែលបានបង្ហាញនៅថ្ងៃសុក្រសប្តាហ៍នេះ និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។

តាមឯកសារបញ្ជាក់ថា លោក Jeff Bezos ដែលបានលាឈប់ពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន កាលពីឆ្នាំ២០២១ ប៉ុន្តែនៅតែជាម្ចាស់ភាគហ៊ុនកំពូលរបស់ Amazon បាននឹងកំពុងលក់ភាគហ៊ុនដែលជាផ្នែកមួយនៃផែនការជួញដូរ ដែលត្រូវបានអនុម័តនៅថ្ងៃទី៤ ខែមីនា។ ភាគហ៊ុនដែលលោកគ្រោងលក់នោះ ត្រូវបានគេដឹងថានឹងមានតម្លៃប្រហែល ៤.៨ពាន់លានដុល្លារក្នុងតម្លៃបច្ចុប្បន្ន។ ការប្រកាសលក់ភាគហ៊ុននៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលត្រីមាសទីមួយរបស់ក្រុមហ៊ុន Amazon នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា។ ខណៈដែលប្រាក់ចំណេញ និងប្រាក់ចំណូលបានកើនឡើងលើសការព្យាករណ៍របស់ក្រុមហ៊ុន ប៉ុន្តែសម្រាប់ប្រាក់ចំណូលប្រតិបត្តិការនៅក្នុងត្រីមាសបច្ចុប្បន្ន បានធ្លាក់ចុះក្រោមការរំពឹងទុករបស់ Wall Street។

មានការបង្ហាញថាក្រុមហ៊ុន Amazon កំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ទាក់ទងនឹងពន្ធគយថ្មីរបស់ប្រធានាធិបតី Donald Trump។
លោក Bezos បានដកភាគហ៊ុន Amazon ប្រហែល ១៣.៥ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយការលក់ភាគហ៊ុននៅពេលនេះត្រូវបានគេចាត់ទុកថា ជាលើកដំបូងហើយចាប់តាំងពីឆ្នាំ២០២១មក។

គួរជម្រាបថា ចាប់តាំងពីបានប្រគល់តួនាទីជានាយកប្រតិបត្តិ Amazon ទៅឱ្យលោក Andy Jassy មក, លោក Bezos បានចំណាយពេលវេលារបស់គាត់បន្ថែមទៀតលើក្រុមហ៊ុនរុករកអវកាស Blue Origin និងមូលនិធិអាកាសធាតុ និងជីវចម្រុះ ដែលចំណាយប្រាក់ចំនួន ១០ពាន់លានដុល្លារ។ លោកបានប្រើប្រាស់ការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ដើម្បីជួយផ្តល់មូលនិធិដល់ក្រុមហ៊ុន Blue Origin ក៏ដូចជាមូលនិធិ Day One Fund ដែលលោកបានបើកដំណើរការក្នុងខែកញ្ញា ឆ្នាំ២០១៨ ដើម្បីផ្តល់ការអប់រំនៅក្នុងសហគមន៍ដែលមានប្រាក់ចំណូលទាប និងប្រយុទ្ធប្រឆាំងនឹងភាពគ្មានផ្ទះសម្បែង៕