(បរទេស)៖ ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន Mitsubishi Corp បានចេញការព្យាករណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនប្រចាំឆ្នាំ២០២៥ នឹងធ្លាក់ចុះរហូតដល់ ២៦% មកនៅត្រឹម ៧០០ ពាន់លានយ៉េន (ប្រហែល ៤.៨២ ពាន់លានដុល្លារ) ប៉ុណ្ណោះ ដោយសារតែអវត្តមាននៃការកើនឡើងដើមទុនធំៗ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។

ប្រកាសនេះ ត្រូវបានគេសន្មតថាមានការធ្លាក់ចុះប្រមាណ ១.៤% ទៅនឹងលទ្ធប្រចាំ២០២៤ ខណៈ Mitsubishi បានបង្ហាញប្រាក់ចំណេញសុទ្ធនាពេលនោះរកបានចំនួន ៩៥០.៧ ពាន់លានយ៉េន (ប្រហែល ៦.៥៥ ពាន់លានដុល្លារ) ពោលគឺខាតបង់រហូតដល់ទៅជិត ២ ពាន់លានដុល្លារឯណោះ។ យ៉ាងណាមិញ ការព្យាករណ៍ប្រាក់ចំណេញក្នុងឆ្នាំ២០២៥ នេះក៏មានចំនួនទាបជាងការរំពឹងរបស់អ្នកវិភាគ LSEG ចំនួន ៩៥៧.១ ពាន់លានយ៉េន និង ៧៤៧​ ពាន់លានយ៉េនពីអ្នកវិភាគផ្សេងទៀតផងដែរ។

គួរជម្រាបថា ការធ្លាក់ចុះប្រាក់ចំណេញរបស់ក្រុមហ៊ុន Mitsubishi ភាគច្រើនគឺដោយសារតែអវត្តមាននៃការកើនឡើងដើមទុន ប៉ុន្តែក្រុមហ៊ុននៅតែប្តេជ្ញាចិត្តចំពោះប្រាក់ចំណេញរបស់ម្ចាស់ហ៊ុន និងការវិនិយោគដែលមានកំណើនរយៈពេលវែង។ ទន្ទឹមនឹងនេះ ម្ចាស់ភាគហ៊ុនធំជាងគេរបស់ Mitsubishi គឺក្រុមហ៊ុន Berkshire Hathaway របស់ Warren Buffett ត្រូវបានគេរាយការណ៍ថា បាននិងកំពុងពង្រីកភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនក៏ដូចជានៅក្នុងផ្ទះពាណិជ្ជកម្មផ្សេងទៀតរបស់ជប៉ុនរួមទាំង Marubeni និង Sumitomo Corp៕