(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិ ដែលជាលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនធ្វើកសិកម្ម និងកសិឧស្សាហកម្ម រួមមានធ្វើស្រែ ចម្ការដាំដំណាំ ឬចិញ្ចឹមសត្វពាហនៈជាដើម ។ ការធ្វើស្រែ ចម្ការ និងចិញ្ចឹមសត្វនេះ គឺជាមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយក៏ជាទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណរបស់ប្រជាជនខ្មែរផងដែរ ។
បើយោងតាមព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា វិស័យកសិកម្មក្នុងរយៈពេល ០៦ខែ (ឆមាសទី១) ក្នុងឆ្នាំ២០២៤ ការនាំចេញកសិផលរបស់ប្រទេសកម្ពុជា សម្រេចបាន៦លានតោន កើនឡើងជិត ៦០% ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ និងនាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។ ចំនួននាំចេញបានកើនឡើងបែបនេះ និងមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ប្រជាជនបានបន្តធ្វើស្រែ ចម្ការ និងចិញ្ចឹមសត្វបន្ថែមទៀត ដោយប្រជាជនខ្លះមានដីស្រែ ចម្ការ ឬសត្វពាហនៈច្រើន ប៉ុន្តែពុំមានសមាជិកគ្រួសារច្រើនក្នុងការជួយធ្វើនោះទេ ហើយប្រជាពលរដ្ឋខ្លះទៀតមានដីស្រែ ចម្ការ និងសត្វពាហនៈតិចតួច ឬមិនមានតែម្តង ។ ហេតុដូចនេះ តាំងពីបុរាណមកដល់ពេលបច្ចុប្បន្ន ប្រជាជនដែលមានដីស្រែ ចម្ការ ឬសត្វពាហនៈច្រើន និងប្រជាជនដែលមានដីស្រែ ចម្ការ ឬសត្វពាហនៈតិច និងពុំមាននោះ តែងតែធ្វើសកម្មភាពមួយ ដែលហៅថា ការប្រវាស់ ។
អ្វីទៅជាការប្រវាស់? តើផល និងការចាត់ចែងផលនៃការប្រវាស់ត្រូវធ្វើយ៉ាងដូចម្តេចខ្លះ?
ដើម្បីស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «កិច្ចសន្យាប្រវាស់» មកធ្វើការចែករំលែកជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម។
មុនឈានដល់ការបកស្រាយទៅនឹងចម្ងល់ខាងលើនេះ សូមស្វែងយល់នូវអត្ថន័យនៃពាក្យគន្លឹះជាមុន ក្នុងន័យទូទៅ ការប្រវាស់ គឺជាការចូលហ៊ុនរកស៊ីចែកប្រយោជន៍គ្នា ដោយម្នាក់មានរបស់ ម្នាក់មានតែកម្លាំងទទួលកាន់ការ (ដកស្រង់ចេញវចនានុក្រមរបស់សម្តេច ជួន ណាត) និងក្នុងន័យច្បាប់ គឺជាកិច្ចសន្យាមួយដែលកម្មសិទ្ធិករឱ្យភតិកៈខ្ចីដី ឬសត្វ ពាហនៈ ដើម្បីទាញយកផល ហើយយកផលនោះមកបែងចែកគ្នារវាងភតិបតី និងភតិកៈ (មាត្រា៦២២ នៃក្រមរដ្ឋប្បវេណ) ។ ចំពោះពាក្យ ភតិបតី គឺជាភាគីម្ខាងនៃភតិសន្យា ដែលសន្យាថា ឱ្យភតិកៈប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្លៃឈ្នួល ហើយភតិកៈ គឺជាភាគីម្ខាងនៃភតិសន្យា ដែលសន្យាថានឹងបង់ថ្លៃឈ្នួល ដើម្បីជាថ្នូរនឹងការទទួលបាននូវសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយរបស់ភតិបតី (ដកស្រង់ចេញពីសន្ទានុក្រម នៃក្រមរដ្ឋប្បវេណី) ។
ផ្អែកតាមអត្ថន័យនៃកិច្ចសន្យាប្រវាស់ ដែលមានកំណត់ក្នុងមាត្រាខាងលើនេះ កម្មវត្ថុនៃកិច្ចសន្យាប្រវាស់ គឺជាដី ឬសត្វពាហនៈ ។ ចំពោះរបៀបបែងចែកផលវិញ ភាគីអាចព្រមព្រៀងគ្នាកំណត់អំពីរបៀបបែងចែកផលបាន ប៉ុន្តែបើពុំបានកំណត់អំពីរបៀបបែងចែកផលទេ ត្រូវបែងចែកស្មើៗភាគគ្នា ។
ដោយឡែកចំពោះ សិទ្ធិចាត់ចែងផលរបស់ភតិកៈវិញ លុះត្រាតែនៅក្រោយពេលដែលបានបញ្ចប់ការបែងចែកភាគនៃផលឱ្យទៅភតិបតីរួចហើយ ទើបភតិកៈនៃការប្រវាស់ អាចចាត់ចែងផលដែលជាចំណែករបស់ខ្លួនបាន ។
ឧទាហរណ៍៖ លោកស្រី "ក" ជាម្ចាស់កម្មសិទ្ធិលើដីស្រែមួយកន្លែង ទំហំចំនួន ១ (មួយ) ហិចតា ដោយសារតែភាពមមាញឹកនឹងការងារច្រើន គាត់មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើស្រែនៅលើដីដែលជាកម្មសិទ្ធិរបស់គាត់ទេ ដោយមើលឃើញបែបនេះ លោក “ខ” ជាអ្នកជិតខាងក៏ស្នើខ្ចីដីខាងលើពីលោកស្រី “ក” មកធ្វើស្រែ ដើម្បីទាញយកផលដោយភាគីទាំងពីរបានព្រមព្រៀងគ្នាថា ក្រោយពីដកថ្លៃចំណាយផ្សេងៗរួចរាល់ ផលដែលនៅសល់នឹងយកមកបែងចែកស្មើៗភាគគ្នា ។ ជាលទ្ធផល ក្រោយពីលោក “ខ” ប្រមូលផលស្រូវ និងដកថ្លៃចំណាយផ្សេងៗរួចមក ផលនៃការប្រវាស់ដែលនៅសល់ចំនួន ៥.០០០.០០០រៀល ដូច្នេះលោកស្រី "ក" ជាភតិបតី ទទួលបាន ២.៥០០.០០០រៀល ហើយលោក "ខ" ជាភតិកៈ ទទួលបាន ២.៥០០.០០០ រៀល ។
សរុបសេចក្តីមក ការប្រវាស់ គឺជាកិច្ចសន្យាដែលភាគីម្ខាងជាម្ចាស់កម្មសិទ្ធិករឱ្យភាគីម្ខាងទៀតខ្ចីដី ឬសត្វពាហនៈរបស់ខ្លួន ដើម្បីទាញយកផល ហើយយកផលនោះមកបែងចែកគ្នា ដោយភាគីអាចព្រមព្រៀងគ្នាកំណត់អំពីរបៀបបែងចែកផលបាន ប៉ុន្តែបើពុំបានកំណត់អំពីរបៀបបែងចែកផលទេ ត្រូវបែងចែកស្មើៗភាគគ្នា ។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ភា ពិសិដ្ឋ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.comហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕