(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៥ ខែឧសភានេះ បានដាក់លក់សំបុត្រទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024/25 បន្ថែម ខណៈសំបុត្រប្រមាណ ៥,៦០០សន្លឹក បានលក់អស់គ្មានសល់ត្រឹមរយៈពេលមិនដល់ ១ម៉ោង ទោះបីមានការកំណត់ក្នុងម្នាក់ទិញបានត្រឹម ២សន្លឹកក៏ដោយ ។
វគ្គផ្ដាច់ព្រ័ត្រការប្រកួតនៅសល់ ៥ថ្ងៃទៀតនឹងមកដល់ រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិប FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន នៃការដណ្តើមពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនេះ ហើយឃើញសន្ទុះអ្នកគាំទ្ររង់ចាំទិញសំបុត្រមានកាន់តែច្រើន បន្ទាប់ពីសំបុត្រមួយចំនួនធំត្រូវបានដាក់លក់អស់តាំងពីថ្ងៃទី១-២ ខែឧសភាកន្លងទៅ។
ដើម្បីឆ្លើយតបតម្រូវការដ៏ខ្ពស់របស់អ្នកគាំទ្របាល់ទាត់ជាតិ នៅថ្ងៃទី៥ ខែឧសភានេះ ក្លិបក៏បានធ្វើការបើកកន្លែងអង្គុយ និងលក់សំបុត្រចូលទស្សនាបន្ថែម ស្របពេលមានអ្នកគាំទ្រយ៉ាងច្រើន បានសម្រុកតម្រង់ជួររង់ចាំទិញ នៅទីតាំងអ៊ីឌិនហ្គោឌិន (បឹងកក់) និងសួនច្បារវឌ្ឍនៈ ។ ហើយតាមការបញ្ជាក់ពីក្រុមការងារលក់សំបុត្របានឲ្យដឹងថា សំបុត្រចំនួន ៥,៦០០សន្លឹក ត្រូវបានបែងចែកជា ២ សម្រាប់លក់នៅទីតាំងខាងលើ ខណៈត្រឹមរយៈពេលមិនដល់ ១ម៉ោងផង សំបុត្រក៏ត្រូវបានលក់អស់ ទោះបីមានការកំណត់ក្នុងម្នាក់ទិញបានត្រឹម ២សន្លឹកក៏ដោយ។
នេះគឺជាកំណត់ត្រាប្រវត្តិសាស្រ្ដថ្មីមួយទៀត សម្រាប់សន្ទុះនៃការគាំទ្រយ៉ាងគំហុក បន្ទាប់ពីព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មី ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី ដោយត្រូវជួបក្រុមខ្លាំងមកពីតួកម៉េនីស្ថាន Arkadag នាចុងសប្ដាហ៍នេះ នៅលើទឹកដីកម្ពុជា ។ ជំនួបវគ្គផ្ដាច់ព្រ័ត្រនេះ ត្រូវបានរំពឹងថា នឹងមានអ្នកគាំទ្រយ៉ាងច្រើនកុះករចូលរួមទស្សនាផ្ទាល់ ស្របពេលសំបុត្រចូលទស្សនា ត្រូវបានព្យាករណ៍ថា មិនអាចឆ្លើយតបនឹងសន្ទុះនៃអ្នកគាំទ្រចង់ចូលរួមទស្សនាផ្ទាល់ការប្រកួតនេះឡើយ។
គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 រវាងក្លិបព្រះខ័នរាជស្វាយរៀង (កម្ពុជា) និងក្លិប FK Arkadag នឹងប្រព្រឹត្តទៅនាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
ការប្រកួតនេះ ក្រៅពីមានការផ្សាយផ្ទាល់ ក៏នឹងមានការរៀបចំនូវផ្ទាំង LED ជាច្រើនទីតាំង ដើម្បីសម្រួលដល់អ្នកគាំទ្រ ដែលពុំមានសំបុត្របានទស្សនាជុំគ្នា ក៏ដូចជាការលើកទឹកចិត្ដដល់ក្លិបបាល់ទាត់តំណាងកម្ពុជា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្តើមពានរង្វាន់កម្រិតទ្វីបលើកដំបូងនៅទឹកដីកម្ពុជា នេះផងដែរ៕