(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រមូលផ្ដុំបិទខ្ទប់រយៈពេល ១ខែ ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតបាល់ទះជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (SEA V.League 2025) នាខែកក្កដាខាងមុខ ។
នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោយបញ្ចប់បេសកកម្មដឹកនាំក្រុមបាល់ទះវិសាខា ចូលរួមការប្រកួតពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅកោះតៃវ៉ាន់ ដែលបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ កាលពីថ្មីៗ។
ក្រោយរបូតពាន WSVI ខាងលើ ក្រុមបាល់ទះវិសាខា ដែលសម្បូរដោយកីឡាករជម្រើសជាតិ ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ លើកទឹកចិត្ត និងជំរុញឲ្យប្រមូលអារម្មណ៍ឡើងវិញ ដ្បិតវាគ្រាន់ជាសុបិន្ដអាក្រក់ និងជាអតីតកាល ហើយត្រូវផ្ដោតបច្ចុប្បន្ន និងអនាគត ដោយលោកនឹងអនុញ្ញាតឲ្យពួកគេសម្រាក ១សប្ដាហ៍ មុនត្រឡប់មកប្រមូលផ្ដុំបិទខ្ទប់រយៈពេល ១ខែ ដើម្បីត្រៀមការប្រកួត SEA V.League 2025។
លោកបន្ដថា «យើងមានភារកិច្ចមួយទៀត គឺ SEA V.League នៅខែកក្កដា ។ អ៊ីចឹងយើងត្រូវប្រមូលផ្ដុំបិទខ្ទប់ ហើយចាប់ពីពេលចូលមកវិញ គឺបិទខ្ទប់អត់ឲ្យទៅណាទេ ក្នុងរយៈពេល ១ខែ ។ ដូច្នេះសម្រាក ៧ថ្ងៃ ទៅលេងផ្ទះ គឺសមរម្យហើយ ហើយសុំអធ្យាស្រ័យក្រុមគ្រួសារ ប្រពន្ធកូន ក្នុងការប្រមូលផ្ដុំបិទខ្ទប់រយៈពេល ១ខែ ធ្វើម៉េចឲ្យការប្រកួត SEA V.League បានល្អប្រសើរ លើកទឹកចិត្ដខ្លួនឯងឡើងវិញ»។
គួរដឹងថា ក្រុមបាល់ទះកម្ពុជា បានទទួលកៅអីលេងជើងឯកបាល់ទះអាស៊ីអាគ្នេយ៍កម្រិតទី១ ឬ SEA V.League បន្ទាប់ពីគ្រងជើងឯកពានកម្រិតទី២ ឬ SEA V.League Challenge កាលពីឆ្នាំ២០២៤ នៅកម្ពុជា ។ សម្រាប់ការប្រកួតជើងឯក SEA V.League 2025 ផ្នែកបុរសនេះដែរ កម្ពុជា នឹងត្រូវជួបជាមួយក្រុមថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន គ្រាដែលការប្រកួតនឹងធ្វើឡើង ២ជើង ដោយជើងទី១ នឹងតប្រកួតនៅហ្វីលីពីន ចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា និងជើងទី២ ប្រកួតនៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៕