(ឡុងដ៏)៖ ការប្រកួតជើងឯកស្នូកឃ័រពិភពលោក World Snooker Champion 2025 រកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើកីឡាករចិន Zhao Xintong ក្រោយពីបានផ្តួលកីឡាករអង់គ្លេស Mark Wiliams ដែលធ្លាប់គ្រងជើងឯកពាននេះ ៣សម័យដោយលទ្ធផលពិន្ទុ ១៨-១២។ ជាមួយនឹងស្ថិតិល្អបំផុតមួយ គឺផ្តួលជើងឯកពិភពលោក ៧សម័យកាល Ronnie O’Sullivan ក្នុងវគ្គ ៤នាក់ចុងក្រោយ ។

ការប្រកួតនៅទឹកដីអង់គ្លេស កីឡាករចិន Zhao Xintong បានក្លាយជាកីឡាករអាស៊ីដំបូងគេដែលបានឈ្នះពានកម្រិតពិភពលោកផ្នែកកីឡាស្នូកឃ័រ World Snooker Champion ក្នុងចំណោម ៩ប្រទេសដែលមានកីឡាករឈ្នះពាននេះ ក្នុងនោះប្រទេសអង់គ្លេស មានកីឡាករជាជើងឯកកម្មវិធីនេះចំនួន ១៤លើកច្រើនជាងគេ ។

ស្ថិតក្នុងការប្រកួតប្រជែងនេះ Zhao Xintong មានវ័យ ២៨ឆ្នាំបានយកឈ្នះជើងខ្លាំងជាច្រើនរួមមានទម្លាក់កីឡាករ Jak Jones ក្នុងវគ្គ ៣២នាក់ ហើយឈានទៅវគ្គ ១៦នាក់បានយកឈ្នះកីឡាករមិត្តរួមសញ្ជាតិ Lei Peifan ហើយឆ្លងចូលទៅកាន់វគ្គ ៨នាក់ក៏បានទម្លាក់ Chris Wakelin ១៣-៥ពិន្ទុ និងការផ្តួលជើងឯកពិភពលោក ៧សម័យកាល Ronnie O’Sullivan យ៉ាងចាស់ដៃ ១៧-៧ពិន្ទុក្នុង ៤នាក់ចុងក្រោយ និងក្រសោបបានប្រាក់រង្វាន ៥០ម៉ឺនផោន ពីកម្មវិធីនេះផងដែរ ៕