(ភ្នំពេញ)៖ កីឡាករ ខូលីបាលី អាប់ឌែល (Abdel Kader Coulibaly) សមាជិកក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជំនួសកីឡាករសញ្ជាតិខ្មែរដូចគ្នា គឺកីឡាករ នេតូ រ៉ុនឌុន (Andres Neito) ដើម្បីចូលរួមជួយក្រុមបាល់ទាត់ ASEAN All-Stars ប្រកួតមិត្តភាពអន្ដរជាតិជាមួយក្លិប Manchester United នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពី Neito ជាប់បម្រាម(កាតក្រហម) មិនអាចចូលរួមការប្រកួតបន្ទាប់ ដែលទទួលស្គាល់ដោយ FIFA បាន ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភានេះ បានបញ្ជាក់ថា «ផ្អែកលើការទំនាក់ទំនងផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលទទួលបានពីគណៈកម្មការវិន័យ FIFA កីឡាករ នេតូ រ៉ុនដុន មិនអាចចូលរួមតំណាងឲ្យជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពសប្បុរសធ៌មអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ Manchester United នៅពេលខាងមុខបានទេ ដោយសារតែបញ្ហាព្យួរដោយស្វ័យប្រវត្តិពីបទវិន័យចែងក្នុងច្បាប់របស់ FIFA ដោយជាប់កាតក្រហមពីប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា ជាមួយនឹង អារ៉ូបា កាលពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ»

«បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកគ្រូបង្គោល Kim Sang-Sik (គ្រូបង្វឹកក្រុម ASEAN All-Stars) បានដាក់សំណើរសារជាថ្មី តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដោយស្នើសុំធ្វើការផ្លាស់ប្តូរកីឡាករ នេតូ រ៉ុនឌុន ដោយជ្រើសរើសយកកីឡាករ ខូលីបាលី អាប់ឌែល ជំនួសវិញ»

តាមរយៈការផ្លាស់ប្ដូរនេះ មានន័យថា កីឡាករជម្រើសជាតិកម្ពុជា ២រូប នឹងទទួលបានឱកាសចូលរួមព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអន្ដរជាតិខាងលើ ដោយម្នាក់ទៀត គឺប្រធានក្រុមគោព្រៃ កីឡាករ កាន់ ម៉ូ សមាជិកក្រុមវិសាខា ។ តែយ៉ាងណាការជ្រើសរើសតែកីឡាករចូលសញ្ជាតិនេះ ហាក់ពុំទទួលបានការគាំទ្រពីសំណាក់គ្រូបង្វឹក ក៏ដូចជាអ្នកគាំទ្រមួយចំនួន នៅកម្ពុជាឡើយ ដ្បិតពួកគេចង់ឃើញកីឡាករមានឈាមជ័រជាខ្មែរសុទ្ធ ចូលរួមព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញឲ្យពិភពលោកបានឃើញ តាមរយៈជំនួបមិត្តភាពអន្ដរជាតិទល់នឹងក្រុមដ៏ល្បីល្បាញមកពីចក្រភពអង់គ្លេស Manchester United នាចុងខែនេះ ។

គួរដឹងថា ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុម ASEAN All-Stars និងក្រុម Manchester United នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ Bukit Jalil នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ៕