(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃចន្ទនេះថា ក្រុមហ៊ុន OpenAI បានយល់ព្រមទិញក្រុមហ៊ុនសរសេរកូដជំនួយដោយបញ្ញាសិប្បនិម្មិត Windsurf ក្នុងតម្លៃប្រហែល ៣ពាន់លានដុល្លារ។ របាយការណ៍បានបន្ថែមថា កិច្ចព្រមព្រៀងនេះមិនទាន់បិទនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។
ជុំវិញដំណឹងនេះ គ្រាន់តែទទួលបានភ្លាម Reuters បានទាក់ទងទៅសុំ OpenAI និង Windsurf ដើម្បីបំភ្លឺ ប៉ុន្តែមិនឆ្លើយតប។ Windsurf ដែលពីមុនត្រូវបានគេស្គាល់ថា Codeium ថ្មីៗនេះបានពិភាក្សាជាមួយអ្នកវិនិយោគរួមទាំង General Catalyst និង Kleiner Perkins ដើម្បីរៃអង្គាសមូលនិធិក្នុងតម្លៃ ៣ពាន់លានដុល្លារ។ នេះបើយោងតាម Bloomberg News ។
ក្រុមហ៊ុននេះមានតម្លៃ ១.២៥ពាន់លានដុល្លារ កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីការផ្តល់មូលនិធិចំនួន ១៥០លានដុល្លារដែលដឹកនាំដោយក្រុមហ៊ុនបណ្តាក់ទុន General Catalyst ។ អ្នកវិនិយោគផ្សេងទៀតនៅក្នុងក្រុមហ៊ុនរួមមាន Kleiner Perkins និង Greenoaks ។ កិច្ចព្រមព្រៀងដែលនឹងក្លាយជាការទិញយកដ៏ធំបំផុតរបស់ OpenAI រហូតមកដល់បច្ចុប្បន្ននឹងបំពេញបន្ថែមសមត្ថភាពសរសេរកូដរបស់ ChatGPT ។ ក្រុមហ៊ុនបាននឹងកំពុងដាក់ចេញនូវការកែលម្អលើការសរសេរកូដជាមួយនឹងការចេញនូវម៉ូដែលថ្មីនីមួយៗរបស់ខ្លួន ប៉ុន្តែការប្រកួតប្រជែងក៏កំពុងឡើងកំដៅខ្លាំងផងដែរ៕