(បរទេស)៖ លោក Thomas Tuchel អ្នកចាត់ការទូទៅក្រុមបាល់ទាត់អង់គ្លេស បានកំពុងជួបបញ្ហាឈឺក្បាលវិលមុខ ក្នុងការអនុញ្ញាតឱ្យកូនក្រុមរបស់លោកទៅចូលរួមកម្មវិធីក្លិបអន្តរទ្វីប FIFA Club World 2025 ខណៈដែលតោកំណាចមួយនេះ ត្រូវលេង ២ប្រកួតផងដែរប្រចាំខែមិថុនា។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះថា តាមគម្រោងអង់គ្លេស ត្រូវលេង ២ប្រកួតនាខែក្រោយនេះ ពោលគឺត្រូវប៉ះក្រុមជម្រើសជាតិអង់ដូរ៉ា នៅទីក្រុង Barcelona នាថ្ងៃទី០៧ ខែមិថុនា មុនពេលលេងមិត្តភាពអន្តរជាតិទល់នឹងសេណេហ្គាល់ នៅកីឡដ្ឋានរបស់ក្លិប Nottingham Forest ៣ថ្ងៃបន្ទាប់។
ការប្រកួតដែលនឹងធ្វើឡើងនៅកីឡដ្ឋាន City Ground នាថ្ងៃទី១០ ខែមិថុនានោះ គឺវាមានរយៈពេលត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះមុនពេល Club World Cup 2025 នៅសហរដ្ឋអាមេរិកចាប់ផ្តើម។
ជាមួយគ្នានេះ កូនក្រុមរបស់គ្រូបង្វឹកសញ្ជាតិអាល្លឹម៉ង់ ដែលចូលដឹកនាំអង់គ្លេសក្រោមកិច្ចសន្យា ១៨ខែផងនោះ ភាគច្រើនជ្រើសរើសចេញពីក្លិប Manchester City, Chelsea, Bayern Munich, Real Madrid និង Atletico Madrid ផងនោះ សុទ្ធសឹងមានកៅអីលេងនៅ Club World Cup វគ្គចែកពូល ៣២ក្រុមដូចគ្នា។
ជុំវិញការសម្រេចរបស់លោក Tuchel និងសហព័ន្ធ FA អាចជះឥទ្ធិពលដល់កីឡាករមានដល់ទៅ ១២នាក់ឯណោះ នៅពេលដែលលក្ខខណ្ឌតម្រូវរាល់ក្រុមដែលមានឈ្មោះលេងនៅ Club World Cup 2025 ត្រូវធ្វើដំណើរមកដល់ទីតាំងប្រកួត មុនពេលចាប់ផ្តើមយ៉ាងហោចណាស់ ៣ថ្ងៃផងដែរ៕