(បរទេស)៖ កីឡាករប្រដាល់សកលរបស់ជប៉ុន Naoya Inoue នៅតែបន្តកាន់កាប់កំណត់ត្រាប្រកួត ៣០លើកមិនចាញ់ដដែល តាមរយៈផ្តួល Ramon Cardenas ឱ្យបោះបង់ការប្រកួតត្រឹមទឹកទី៨ នៅឯសង្វៀនស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ។

នេះមានន័យថា Inoue បានបញ្ឈប់គូប្រកួតរបស់ខ្លួនមិនឱ្យដល់ទឹកមានចំនួន ២៧លើក ក្នុងចំណោមឡើងសង្វៀនលក្ខណៈអាជីពសរុប ៣០លើកកន្លងមក។

បន្ទាប់ពីដួលអុកគូថជាលើកទី២ ក្នុងអាជីពប្រដាល់សកលរបស់លោក និងក្នុងទឹកទី២ ផងនោះ Inoue បានប្រើប្រាស់កណ្តាប់ដៃដ៏ធ្ងន់របស់លោក ក្នុងការវាយសន្ធាប់ទៅលើកីឡាករម្ចាស់ផ្ទះ Cardenas រហូតអាជ្ញាកណ្តាល Thomas Taylor ចូលទៅបញ្ឈប់ការប្រកួតត្រឹមទឹកទី៨ តែម្តង។

នេះជាជ័យជម្នះដំបូងរបស់ Inoue ដែលធ្វើការប្រកួតនៅក្រៅប្រទេសជប៉ុន គិតចាប់តាំងពីឆ្នាំ២០២១ មក៕