(ភ្នំពេញ)៖ សំបុត្រចំនួន ៥៣,០០០សន្លឹក ដែលត្រូវបានកំណត់ និងដាក់លក់ចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 រវាងក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្លិប FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន ត្រូវបានលក់អស់ជាផ្លូវការហើយ ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

ក្លិបព្រះខ័នរាជស្វាយរៀង បានបញ្ជាក់នៅព្រឹកថ្ងៃពុធនេះថា «ប្រិយមិត្តអ្នកស្នហាវិស័យកីឡាបាល់ទាត់ជាតិទាំងអស់គ្នា! យើងមានក្តីសោមនស្សរីករាយជម្រាបជូនថាសំបុត្រចំនួន ៥៣០០០សំបុត្រ ត្រូវបានលក់អស់ហើយ ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ»

គួរដឹងថា សំបុត្រចូលទស្សនាវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ទ្វីបអាស៊ីខាងលើ ត្រូវបានដាក់លក់កាលពីថ្ងៃទី១ ខែឧសភាកន្លងទៅ តែរាល់ពេលដាក់លក់ម្ដងៗ សំបុត្រត្រូវបានលក់ដាច់យ៉ាងគំហុក មិនថាលក់តាម Online ឬលក់ផ្ទាល់។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ ដែលអ្នកគាំទ្រភ្លូកទឹកភ្លូកដី បានទិញសំបុត្រទស្សនាការប្រកួតរបស់ក្លិបបាល់ទាត់កម្ពុជាយ៉ាងច្រើនបែបនេះ។

សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024/25 រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិប FK Arkadag នឹងធ្វើឡើងនាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ តាមរយៈការប្រកួតនេះដែរ តាមរាជធានី-ខេត្តមួយចំនួន ក៏ត្រៀមធ្វើការផ្សាយផ្ទាល់លើផ្ទាំង LED ដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្ដជុំគ្នាផងដែរ ដូចជានៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែងជាដើម៕