(បរទេស)៖ Inter Miami FC បានបោះបង់ផែនការចរចាជាមួយខ្សែបម្រើ Kevin de Bruyne ដោយទុកឱកាសនេះ សម្រាប់ក្លិបលេងនៅ Major League Soccer ដូចគ្នាគឺ Chicago Fire ដែលចិញ្ចឹមចិត្តចង់បានកីឡាករអន្តរជាតិប៊ែលហ្សិករូបនេះដែរ។

កីឡាករវ័យ ៣៣ឆ្នាំខាងលើរកបាន ១០៨គ្រាប់សរុប ពីការចូលលេង ៤១៨ប្រកួតក្នុងរយៈជិត ១០ឆ្នាំមកនេះ មុនពេលប្រកាសចាកចេញពីក្លិបមេឃខៀវ Manchester City របស់អង់គ្លេស នៅពេលចប់កិច្ចសន្យានៅកីឡដ្ឋាន Etihad រដូវកាលនេះ។

បច្ចុប្បន្ន Chicago គឺជាជម្រើសទី១ ក្នុងការចូលទៅពិភាក្សាជាមួយ De Bruyne ក្រោយទទួលដំណឹងថា ក្លិបរបស់លោក David Beckham បានបោះបង់គម្រោងចរចា ដែលមិនមានន័យថា ចង់បានរូបគេមករួមក្រុមជាមួយ Lionel Messi, Luis Suarez និង Sergio Busquets ឡើយ។

ចំណែកឯប្រភពពី De Bruyne វិញក៏បានបង្ហើបពីគម្រោងចរចាជាមួយ Chicago វិញដែរ ស្របពេលក្លិបអាមេរិកមួយនេះ បានកំពុងឈរនៅលេខរៀងទី១១ បណ្តោះអាសន្ននៅ MLS នៃតំបន់ Eastern Conference។

ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០១៦ មក Kevin de Bruyne កូនសិស្សសំណព្វរបស់លោក Pep Guardiola បានរួមចំណែកជួយ City ឈ្នះពានសរុបមានដល់ទៅ ១៦ពាននៅកីឡដ្ឋាន Etihad ក្នុងនោះដែររួមមាន Premier League ៦ដង និង UEFA Champions League ១លើកទៀតផងកាលឆ្នាំ២០២៣៕