(អឺរ៉ុប)៖ ប្រធានគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បានលើកឡើងចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់បាល់ទាត់អ៉ីតាលីថា មានភាពអាក្រក់បំផុតក្នុងចំណោមលីគកំពូលទាំង៥ របស់អឺរ៉ុប។ ដែលការលើកឡើងបែបនេះ គឺនៅក្នុងបទសម្ភាសន៍ជាមួយ SportMediaset ។

លោក Ceferin ត្រូវបានសួរអំពីលក្ខខណ្ឌការដេញថ្លៃមួយ បន្ទាប់ពីបានច្រានចោលកីឡដ្ឋាន San Siro ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League និងការពិភាក្សាដែលកំពុងបន្តអំពីផែនការសម្រាប់កីឡដ្ឋានថ្មីនៅក្នុងទីក្រុង Milan ។

លោក Ceferin បាននិយាយថា «ហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់របស់ប្រទេសអ៊ីតាលី គឺអាក្រក់នឹងមានភាពអាម៉ាស់ ដ្បិតគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានលីគបាល់ទាត់ដ៏ធំបំផុត ខណៈពួកគេបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ពានអឺរ៉ុប និងពានលីគ Champions Leagues ខណៈក្នុងចំណោមប្រទេសធំៗ គឺមានហេដ្ឋារចនាសម្ព័ន្ធដ៏អាក្រក់បំផុត ។

ប្រធាន UEFA បន្ថែមទៀតថា និយាយឱ្យត្រង់ទៅ ពិតជាមានការធុញទ្រាន់នឹងការពិភាក្សារវាងអ៊ីតាលី អំពីហេដ្ឋារចនាសម្ព័ន្ធ ពីព្រោះអ្វីដែលយើងឃើញគឺគ្រាន់តែការពិភាក្សា សម្រាប់ក្លិបត្រូវការជំនួយពីរដ្ឋាភិបាល ពួកគេក៏ត្រូវការជំនួយពីសាលាក្រុង ជាមួយអ្នកវិនិយោគឯកជននឹងមកបណ្តាក់ទុន ដល់ពេលធ្វើអ្វីមួយហើយ ព្រោះហេដ្ឋារចនាសម្ព័ន្ធ គឺអាក្រក់ណាស់។

សូមជម្រាបផងថា នៅពេលខាងមុខកីឡដ្ឋាន San Siro ស្ថិតក្នុងទីក្រុង Milan នឹងរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២៦ នៅអំឡុងខែកុម្ភៈ ខណៈអ៉ីតាលី នឹងធ្វើជាសហម្ចាស់ផ្ទះជើងឯកទ្វីបអឺរ៉ុប Euro 2032 ជាមួយតួគី ៕