(ប៉ារីស)៖ កាំភ្លើងធំ Arsenal ត្រូវតែធ្វើការងារធ្ងន់បន្ថែមទៀត ក្រោយពេលដឹងថា ខ្សែប្រយុទ្ធកំពុងឡើងជើង Ousmane Dembele របស់ម្ចាស់ផ្ទះ Paris Saint Germain អាចចូលលេងបានក្នុងប្រកួតជើងទី២ កាត់សេចក្តីឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League 2024-25 ដែលមាន Inter Milan កំពុងរង់ចាំស្រាប់។
ក្រុមលេខ២ នៅ Premier League មួយនេះ បានកំពុងពុះពារគ្រប់យ៉ាង ដើម្បីឆ្លងចូលផ្តាច់ព្រ័ត្រជាលើកទី២ របស់ពួកគេ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ FC Barcelona នារដូវកាល ២០០៥-០៦។
Arsenal បានរបូត ១គ្រាប់កាលលេងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL នៅក្នុងកីឡដ្ឋាន Emirates របស់ខ្លួនកាលសប្តាហ៍មុន ដែលជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធបារាំង Dembele ផងដែរ ត្រឹមចាប់ផ្តើមលេងបានតែ ៤នាទីដំបូងតែប៉ុណ្ណោះ។
នេះមានន័យថា ក្រុមរបស់លោក Mikel Arteta ត្រូវតែរកឱ្យបាន ១គ្រាប់ជ័យជម្នះសិន ក្នុងរយៈពេល ៩០នាទីនៅកីឡដ្ឋាន Parc des Princes នៃរដ្ឋធានី Paris នាម៉ោងរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ដើម្បីមានឱកាសឡើងទៅកាន់ផ្តាច់ព្រ័ត្រប៉ះ Inter Milan របស់អ៉ីតាលី ដែលទើបទម្លាក់ Barcelona ពីវគ្គ ៤ក្រុមយប់មិញ។
ជាការកត់សម្គាល់ Dembele ដែលបានផ្លាស់ចេញពី Barcelona ទៅចូលរួមជាមួយ PSG ក្នុងឆ្នាំ២០២៣ គឺជា Top scorer របស់ក្រុមជើងឯកបារាំងរដូវកាលនេះ តាមរយៈស៊ុតបាន ៣៣គ្រាប់ផងដែរគ្រប់កម្មវិធី៕