(បរទេស)៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានសហការជាមួយនឹងក្រុមហ៊ុន T-Mobile Inc និង SpaceX ដែលជាក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីលោក Elon Musk ដើម្បីនាំយកបណ្តាញផ្កាយរណប Starlink ទៅកាន់ iPhones។ របាយការណ៍បាននិយាយថា ទីបំផុតការធ្វើបច្ចុប្បន្នភាពកម្មវិធីចុងក្រោយបំផុតរបស់ Apple សម្រាប់ iPhone គឺ iOS 18.3 បាននាំយកការគាំទ្រ Starlink ទៅកាន់ឧបករណ៍របស់ខ្លួនដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើ និងទទួលសារជាអក្សរ បើទោះបីជានៅក្នុងតំបន់ដាច់ស្រយាល គ្មានអ៊ីនធឺណិតក៏ដោយ។

ភាពជាដៃគូររវាងក្រុមហ៊ុន Apple, SpaceX និង T-Mobile បង្ហាញពីរបកគំហើញដ៏សំខាន់មួយក្នុងការចូលប្រើទូរស័ព្ទចល័ត ជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅក្នុងតំបន់ដាច់ស្រយាល ឬទីជនបទ។ កំណែ​ iOS 18.3 នេះបានបង្ហាញពីមុខងារមួយចំនួន ដោយអ្នកប្រើប្រាស់ iPhone ដែលមានកំណែ iOS 18.3 ស្ថិតនៅតំបន់ដាច់ស្រយាល និងត្រូវបានភ្ជាប់ទៅបណ្តាញផ្កាយរណប Starlink (តាមរយៈសេវាកម្មរបស់​ T-Mobile) ដោយស្វ័យប្រវត្តិដើម្បីផ្ញើ និងទទួលសារជាអក្សរ។ សេវាកម្មនេះមិនដូចមុខងារ Emergency Satellite របស់ Globalstar ដែលមាននៅលើ iPhone បច្ចុប្បន្ននោះទេ ខណៈវាគាំទ្រតែមុខងារជាមូលដ្ឋានដូចជាការទាក់ទងសេវាសង្គ្រោះបន្ទាន់ការផ្ញើសារ និងការចែករំលែកទីតាំងតែប៉ុណ្ណោះ។

បន្ថែមពីនេះ មុខងារផ្ញើសារ​ Starlink បច្ចុប្បន្នមានតែនៅក្នុងសហរដ្ឋអាមេរិក និងសម្រាប់តែអតិថិជន T-Mobile ប៉ុណ្ណោះ ហើយវាស្ថិតនៅក្នុងការសាកល្បងបេតា ពោលគឺត្រូវបានកំណត់ចំនួនអ្នកប្រើប្រាស់មិនទាន់មានទូលំទូលាយនៅទូទាំងសហរដ្ឋអាមេរិកនោះទេ។ មុខងារនេះ ត្រូវបានកំណត់ចំពោះការផ្ញើសារជាអក្សរ ប៉ុន្តែមានគម្រោងពង្រីកវាដើម្បីរួមបញ្ចូលសេវាកម្មសំឡេង និងទិន្នន័យនាពេលអនាគត។ ជាងនេះទៅទៀត សេវាផ្កាយរណបដែលមានស្រាប់របស់ Apple ជាមួយ Globalstar នៅតែមាននៅក្នុងប្រទេសជាច្រើន។

គួរជម្រាប​ថា ការរួមបញ្ចូល Starlink របស់ SpaceX នៅលើ iPhone ក៏មានលក្ខណៈខុសគ្នាពីសេវាកម្មរបស់ Global Star ផងដែរ ដោយវាមិនចាំបាច់បង្ហាញទីតាំង ឬប្រើសញ្ញាសង្រ្គោះបន្ទាន់នោះទេ នៅពេលដែលវាស្ថិតនៅតំបន់គ្មានសេវា ឬក្រៅបណ្តាញ មុខងារ Starlink ​នឹងធ្វើការភ្ជាប់ដោយស្វ័យប្រវត្តិតែម្តង បើទោះបីស្ថិតនៅក្នុងហោប៉ាវក៏ដោយ៕