(បរទេស)៖ ក្លិប Los Angeles FC និង Club America នឹងត្រូវលេងជម្រុះ ដើម្បីស្វែងរកកៅអី១ លេងពាន Club World Cup 2025 បន្ទាប់ពីតុលាការកីឡា Cas អនុលោមតាម FIFA ដែលបានដកក្លិប Club Leon ចេញពីកម្មវិធី ៤ឆ្នាំម្តងនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កាលពីអំឡុងខែមីនា ឆ្នាំ២០២៥ FIFA បានរកឃើញថា Leon និង Pachuca មកពីក្របខណ្ឌលីគកំពូលមិចស៊ិកទាំងពីរនេះ បានល្មើសទៅនឹងបម្រាម ក៏ព្រោះពួកគេមានម្ចាស់តែមួយ ដែលត្រៀមលេងពាន Club World Cup នាខែក្រោយនេះដូចគ្នា។
ក្លិបទាំងពីរខាងលើនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Grupo Pachuca ដែលញាំងឱ្យ FIFA ដកក្រុម Leon ចេញពីកម្មវិធីដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
សម្រាប់ក្រុមឈ្នះនៃវគ្គជម្រុះដែលមិនទាន់ត្រូវបានបង្ហាញទីតាំង និងកាលបរិច្ឆេទប្រកួតនេះ នឹងទៅបំពេញបង្រ្គប់ក្នុង ពូល D ដែលមាន Chelsea, Flamengo និង Esperance Sportive de Tunis ដ្បិតប្រកួតបើកឆាកត្រូវប៉ះតោខៀវផងដែរនាថ្ងៃទី១៦ ខែមិថុនា ក្នុងរដ្ឋ Atlanta។
ជាការកត់សម្គាល់ផងដែរ Cas បានទទួលបណ្តឹង ២ផ្សេងគ្នាពីក្លិប Pachuca និង Club Leon ដើម្បីស្វែងរកការអន្តរាគមន៍ ចំពោះការសម្រេចរបស់ FIFA និងបានអះអាងថា ពួកគេអនុលោមតាមគោលការណ៍ Club World Cup ជានិច្ច ដែលជាលទ្ធផល ស្ថាប័នកំពូលខាងលើ បដិសេធដដែល៕