(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីប AMD (Advanced Micro Devices) បានចេញការព្យាករណ៍នៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងខាតបង់ប្រាក់ចំណូលប្រហែល ១.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដោយសារតែការរឹតបន្តឹងការនាំចេញថ្មីរបស់សហរដ្ឋអាមេរិកដែលបានដាក់ក្នុងខែមេសា ដែលកំណត់ការលក់បន្ទះឈីប AI កម្រិតខ្ពស់របស់ខ្លួន ជាពិសេស MI308 ទៅប្រទេសចិន និងប្រទេសមួយចំនួនផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។
ក្រោមការគ្រប់គ្រងរបស់ Biden និង Trump សហរដ្ឋអាមេរិកបានបន្តការទប់ស្កាត់កាន់តែខ្លាំងឡើងលើការនាំចេញបន្ទះឈីប AI ទៅកាន់ប្រទេសចិន។ ការគ្រប់គ្រងទាំងនេះ មានគោលបំណងរារាំងសមត្ថភាពរបស់ប្រទេសចិនក្នុងការបង្កើតគំរូ និងកម្មវិធី AI កម្រិតខ្ពស់ ដែលយោងទៅតាមសហរដ្ឋអាមេរិក អាចមានផលប៉ះពាល់ដល់សន្តិសុខជាតិ។
ផលប៉ះពាល់ នេះរួមបញ្ចូលទាំងការកាត់បន្ថយចំនួន ៧០០ លានដុល្លារក្នុងការលក់មជ្ឈមណ្ឌលទិន្នន័យជាចម្បងនៅក្នុងត្រីមាសទី ២ និងទី ៣ បូករួមទាំងការគិតប្រាក់ចំនួន ៨០០ លានដុល្លារដែលទាក់ទងនឹងពន្ធគយ និងការសន្យាទិញដែលអាចនឹងមិនលក់ ប្រសិនបើអាជ្ញាប័ណ្ណនាំចេញមិនត្រូវបានផ្តល់។ ទោះបីជាបែបនេះក្តី AMD រំពឹងថាប្រាក់ចំណូលសម្រាប់ត្រីមាសទី២ របស់ខ្លួននឹងមានប្រហែល ៧.៤ ពាន់លានដុល្លារ លើសពីការប៉ាន់ស្មានរបស់ Wall Street ដែលត្រូវបានជំរុញដោយតម្រូវការបន្ទះឈីប AI ដ៏រឹងមាំ និងអតិថិជនដែលបង្កើនល្បឿនការទិញមុនការរឹតបន្តឹង។
គួរជម្រាបថា នាយកប្រតិបត្តិ (CEO) AMD លោកស្រី Lisa Su បាននិយាយនៅក្នុងសន្និសិទមួយនៅថ្ងៃអង្គារថា ផលប៉ះពាល់ភាគច្រើនពីការទប់ស្កាត់នឹងប៉ះពាល់ដល់ត្រីមាសទីពីរ និងទីបីនៅឆ្នាំនេះ។ តែយ៉ាងណា បើទោះបីជាមានបញ្ហាប្រឈមនឹងបទប្បញ្ញត្តិក៏ដោយក៏លោកស្រី Su នៅតែមានគំនិតវិជ្ជមានថា ប្រាក់ចំណូលបន្ទះឈីប AI ពីអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន នឹងកើនឡើងពេញមួយឆ្នាំនេះរហូតដល់ «២ ខ្ទង់» ឯណោះ។ លោកស្រីបានបន្តទៀតថា៖ «វាពិតជាប្រឈម ប៉ុន្តែយើងជឿថាបញ្ហាប្រឈមនេះអាចគ្រប់គ្រងបាន និងមិនលើសលប់នោះទេ»។ ប្រទេសចិនគឺជាទីផ្សារដ៏ធំទី២សម្រាប់ AMD ហើយមានចំនួនប្រហែល ២៥% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះ។ ដូច្នេះ ការរឹតបន្តឹងនៃការនាំចេញបន្ទះឈីបទៅប្រទេសចិន ដែលបានអនុវត្តនៅឆ្នាំ ២០២៥ នឹងបណ្តាលឲ្យប្រាក់ចំណូលសរុបរបស់ AMD កាត់បន្ថយជិត ៥% ក្នុងឆ្នាំនេះ៕