(ឡុងដ៏)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ឱកាសសម្រាប់រុស្ស៊ីលេងនៅ FIFA World Cup 2026 អាចជាការលើកទឹកចិត្តដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ។

ក្រុមបាល់ទាត់ជម្រើសជាតិរុស្សី ត្រូវបានសហព័ន្ធគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និងស្ថាប័នអឺរ៉ុបUEFA សម្រេចដាក់ការហាមប្រាមពីការប្រកួតអន្តរជាតិ គិតចាប់តាំងពីការលុកលុយទៅលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២ ។

នៅក្នុងច្បាប់បច្ចុប្បន្ន រុស្ស៊ី នឹងមិនអាចលេងនៅ FIFA World Cup 2026 ដែលជាការធ្វើសហម្ចាស់ផ្ទះរួមគ្នារវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ខណៈការលេងវគ្គជម្រុះបានចាប់ផ្តើមនៅតាំងពីខែកញ្ញា ឆ្នាំ២០២៣ ក្នុងទម្រង់លេងថ្មី ៤៨ក្រុម ។

ខណៈលោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមការងារ World Cup 2026 បានឱ្យដឹងថា ការធ្វើឱ្យរុស្ស៊ី មានសិទ្ធឡើងវិញសម្រាប់ការប្រកួតនេះអាចជាការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈអង្គុយក្បែរប្រធាន FIFA លោក Gianni Infantino លោក Trump បាននិយាយថា លោកមិនដឹងថាប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតនោះទេ ។

ជាមួយគ្នានោះលោក Gianni Infantino បាននិយាយថា «នោះជាការត្រឹមត្រូវ» លោកបន្តថា ពួកគេត្រូវបានហាមប្រាម ប៉ុន្តែយើងសង្ឃឹមថានឹងមានអ្វីមួយកើតឡើង ហើយសន្តិភាពនឹងកើតឡើង ដូច្នេះរុស្ស៊ីអាចបាន។

លោក Trump បានបន្តថា វានឹងអាចទៅរួច នោះអាចជាការលើកទឹកចិត្តដ៏ល្អមែនទេ? យើងចង់ឱ្យពួកគេបញ្ឈប់ ខណៈមានយុវជនជាង ៥ពាន់នាក់ក្នុងមួយសប្តាហ៍កំពុងត្រូវបានសម្លាប់ ដែលវាមិនគួរឱ្យជឿ។

ជាមួយគ្នានេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា សម្រាប់អ្នកគាំទ្រអ្នកគាំទ្រមកពីជុំវិញពិភពលោក ដើម្បីទស្សនាការប្រកួតនេះ ត្រូវត្រឡប់ទៅផ្ទះ បន្ទាប់ពីការប្រកួតបញ្ចប់ ដោយផ្អែកលើកស្ថានភាពតានតឹងក្នុងគោលនយោបាយអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក និងភាពតានតឹងផ្នែកនយោបាយពិភពលោកអាចរំខានយ៉ាងខ្លាំង ចំពោះការធ្វើដំណើរមកដល់ជាលក្ខខណៈអន្តរជាតិ ៕