(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) ហើយ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ១-០ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី២ កាលពីរាត្រីថ្ងៃពុធកន្លងទៅ។
ជំនួបកាត់សេចក្ដីនេះ បានបញ្ចប់ដោយភាពស្វិតស្វាញ បន្ទាប់ពីការវាយសម្រុកគ្នាស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើង ពីសំណាក់ក្រុមសិង្ហក្រហម ដែលរកបានដោយកីឡាករវ័យក្មេង ញ៉ែម ដេវីត នៅនាទី៨៥ ។ បន្ទាប់ពីត្រូវភ្នំពេញក្រោន នាំមុខ វិសាខា ក៏ព្យាយាមវាយបកជាខ្លាំងនៅចុងម៉ោង តែមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀវបានឡើយ។
តាមរយៈជ័យជម្នះ ១-០ នេះ បានធ្វើឲ្យអតីតក្រុមជើងឯកឆ្នាំ២០០៨ និងឆ្នាំ២០០៩ នេះឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាថ្មី ក្រោយសរុបលទ្ធផលទាំង ២ជើង ភ្នំពេញក្រោន បានយកឈ្នះវិសាខា ៣-២ បន្ទាប់ពីក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ កាលពីជើងទី១ ។ កាលពីរដូវកាលមុន ភ្នំពេញក្រោន ក៏បានទម្លាក់ក្រុមវិសាខា ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ ក្រោយជួបគ្នា ២ជើង បានយកឈ្នះ ៦-៣។
សម្រាប់វគ្គផ្ដាច់ព្រ័ត្ររដូវកាលឆ្នាំ២០២៤/២៥ នេះ ភ្នំពេញក្រោន ត្រូវឈរចាំក្រុមឈ្នះ វាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត ដែលត្រូវប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី១៤ ខែឧសភាខាងមុខ នៅកីឡដ្ឋានខេត្តស្វាយរៀង បន្ទាប់ពីជំនួបជើងទី១ ក្រុមការពារតំណែងជើងឯកនេះ បានយកឈ្នះក្រុមនាគខៀវ ១-០ នៅពហុកីឡដ្ឋានជាតិ។ ចំពោះវគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី២៥ ខែឧសភាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕