(មេនឆេស្ទើ)៖ លោក Ruben Amorim អ្នកចាត់ការទូទៅក្លិប Manchester United មានបំណងរក្សាប្រធានក្រុម Bruno Fernandes លេងនៅទឹកដី Old Trafford រហូតដល់ចប់កិច្ចសន្យាឆ្នាំ២០២៧ ក្នុងគ្រាដែល Al-Hilal មកពីលីគកំពូលអារ៉ាប៊ីសាអូឌីត កំពុងចង់បាន។

ពីគេហទំព័រកីឡា BBC បានដកស្រង់សំដីបុរសសញ្ជាតិព័រទុយហ្គាល់ថា «Bruno គឺជាអ្នកដឹកនាំ និងជាប្រធានក្រុមដ៏ល្អមួយរូប ដែលពួកយើងបានរូបគេលេងនៅទីនេះទៀត»

ទោះជាយ៉ាងណា ខ្សែបម្រើនាំលេងវ័យ ៣០ឆ្នាំរូបនេះ បានក្លាយជាគោលដៅសំខាន់របស់ Al-Hilal ដោយភ្ជាប់ជាមួយតម្លៃខ្លួនខ្ពស់ ដើម្បីផ្លាស់ប្តូរឱ្យបានមុនចាប់ផ្តើមកម្មវិធី Club World Cup 2025 នាខែក្រោយនេះ។

លោក Amorim បានដឹងយ៉ាងច្បាស់ថា រូបលោកត្រូវតែលក់កីឡាករជាច្រើនចេញ ក្នុងគោលបំណងរក្សាលំនឹងហិរញ្ញវត្ថុក្លិបបិសាចក្រហម ប្រសិនបើពួកគេមិនអាចឈ្នះពាន Europa League និងដើម្បីប្រកួតប្រជែងយកកៅអីពានអឺរ៉ុប UEFA Champions League មកវិញផងដែរសម្រាប់រដូវកាលក្រោយ។

លោកថា «គោលជំហររបស់ពួកយើងមិនប្រែប្រួលឡើយ។ យើងចង់រក្សាកីឡាករល្អបំផុតលេងជាមួយពួកយើងទៀត ដូចជា Bruno នេះជាដើម»

ជាការកត់សម្គាល់ផងដែរ Bruno Fernandes រកបាន ១៩គ្រាប់ និងបញ្ជូនបាន ១៨គ្រាប់ គ្រប់កម្មវិធីប្រកួតរបស់ Man Utd នារដូវកាលនេះ៕