(ភ្នំពេញ)៖ ជាមួយនឹងក្ដីស្រឡាញ់មិនចេះជិនណាយ ជាមួយក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា ពីសំណាក់លោកឧកញ៉ា ឡេង និមល អនុប្រធានយុវជនបូជាការពារយុត្តិធម៌ និងលោកស្រី ព្រមជាមួយឧកញ៉ា ឡេង បញ្ចពណ៌ តែងតែបានចុះទៅជួប និងសំណះសំណាលផ្ទាល់ សួរសុខទុក្ខផ្ទាល់ និងបានធ្វើម្ហូបដោយផ្ទាល់ដៃជូនដល់ក្មួយៗទាំងអស់គ្នាផងដែរ។
កាលពីពេលថ្មីនេះ ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយលោកឧកញ៉ា ឡេង និមល បានចុះទៅធ្វើម្ហូបសម្លរតុមយ៉ាំបង្កងយ៉ាងឆ្ងាញ់ពិសារដល់ក្មេងៗ លោកគ្រូ-អ្នកគ្រូនៅមណ្ឌលកុមាកំព្រា «សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ» ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សរុបជាង១៦០នាក់។
នេះមិនមែនជាលើកទី១នោះទេ សម្រាប់ការចែករំលែកក្ដីស្រឡាញ់ជូនដល់កុមារកំព្រា របស់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌។ ជាក់ស្ដែងក្រុមការងារយុវជនបូជាការពារយុត្តិធម៌តែងតែបង្ហាញភាពកក់ក្ដៅ យកចិត្ដទុកដាក់ បង្ហាញក្ដីស្រឡាញ់ដល់កុមារ សិល្បករ-សិល្បការិនី ចាស់ព្រឹទ្ធាចារ្យ និងបងប្អូនដែលមានជីវភាពខ្វះខាតនៅទូទាំងប្រទេស៕