(ឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បន្តកាន់កាប់កំណត់ត្រាមិនទទួលបានពានធំណាមួយឡើយ ក្នុងរយៈពេល ៥រដូវកាលជាប់គ្នាចុងក្រោយនេះ បន្ទាប់ពីហាលអាវពី UCL ក្រោមថ្វីជើងរបស់ Paris Saint Germain យប់មិញទៀត នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមដែលកំពុងឈរជើងនៅលីគកំពូលអង់គ្លេស Premier League មួយនេះ បានឈ្នះជើងឯក FA Cup ដែលជាពានចុងក្រោយសម្រាប់ពួកគេកាលឆ្នាំ២០២០ ស្ថិតក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់គ្រូបង្វឹកអេស្ប៉ាញ លោក Mikel Arteta។

Arsenal អតីតជើងឯក Premier League ចុងក្រោយកាលឆ្នាំ២០០៤ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ទៀត ក្នុងរយៈពេល ៣រដូវកាលជាប់ៗគ្នា ដ្បិតត្រូវលេង ៣ប្រកួតទៀត ដើម្បីបិទរដូវកាល ២០២៤-២៥ ដ៏ពេញលេញ។

UEFA Champions League គឺជាកម្មវិធីចុងក្រោយដែលពួកគេហាលអាវ ពីការព្យាយាមប្រជែងកៅអី ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រជាលើកទី២ គិតចាប់តាំងពីឆ្នាំ២០០៦ បន្ទាប់ពីពាន FA Cup, League Cup និង Premier League បានអស់ឱកាសដូចគ្នា៕