(បរទេស)៖ សារព័ត៌មាន The Information បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានកាត់បន្ថយការងារប្រហែល ២០០ បន្ថែមទៀតនៅក្នុងអង្គភាពអាជីវកម្មសកលរបស់ខ្លួន ដែលគ្រប់គ្រងការលក់ និងភាពជាដៃគូ។ នេះបើយោងតាមការចេញផ្សាដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។
ការកាត់បន្ថយនេះ ត្រូវបានគេឱ្យដឹងថា Google បាននិងកំពុងផ្លាស់ប្តូរទិសដៅការចំណាយទៅកាន់មជ្ឈមណ្ឌលទិន្នន័យ និងការអភិវឌ្ឍន៍ AI ខណៈដែលកាត់បន្ថយការវិនិយោគនៅក្នុងវិស័យផ្សេងៗ។ Google បានប្រាប់ Reuters នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការផ្លាស់ប្តូរមួយចំនួនតូចនៅទូទាំងក្រុម «ដើម្បីជំរុញឱ្យមានកិច្ចសហការកាន់តែច្រើន និងពង្រីកសមត្ថភាពរបស់យើងក្នុងការបម្រើអតិថិជនរបស់យើងឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព»។ ការកាត់បន្ថយនាពេលថ្មីៗនេះ បន្ទាប់ពីការបញ្ឈប់ការងារពីមុននៅក្នុងផ្នែក platform និងឧបករណ៍របស់ Google ដែលរួមមាន Android, ស្មាតហ្វូន Pixel និងកម្មវិធីរុករកតាមអ៊ីនធឺណិត Chrome នេះបើយោងតាមរបាយការណ៍ពី The Information។
គួរជម្រាបថា ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានប្រកាសកាលពីខែមករា ឆ្នាំ២០២៣ ថាខ្លួនមានផែនការកាត់បន្ថយការងារចំនួន ១២,០០០ ប្រហែល ៦% នៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ក្រុមហ៊ុន Alphabet មានបុគ្គលិកជាង ១៨៣,០០០ នាក់៕