(បរទេស)៖ កីឡាការិនី Claressa Shields នឹងឡើងការពារខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់ WBC របស់នាងទល់នឹង Lani Daniels នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅសង្វៀនស្ថិតក្នុងទីក្រុងដ៏មានប្រជាប្រិយភាព Detroit នៃរដ្ឋ Michigan សហរដ្ឋអាមេរិក។
តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC ជើងខ្លាំងសញ្ជាតិអាមេរិក វ័យ ៣០ឆ្នាំរូបនេះ បានក្លាយជាកីឡាការិនីប្រដាល់សកលដំបូងគេ ដែលមិនទាន់ស្គាល់ចាញ់ឡើយ ក្នុងចំណោមឡើងប្រកួតជាលក្ខណៈអាជីព ១៦លើកមកនេះ។
អតីតជើងឯកអូឡាំពិក ២សម័យកាលរូបនេះ បានឈ្នះដោយពិន្ទុឯកច្ឆន្ទទៅលើគូប្រជែងអាមេរិក Danielle Perkins កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដណ្តើមបានខ្សែក្រវាត់ IBF, WBO និង WBA បន្ថែមលើខ្សែក្រវាត់ WBC របស់ខ្លួន ជាមួយនឹងកំណត់ត្រាដ៏ល្អឥតខ្ចោះទៀតផង។
តាមរយៈឆ្លងកាត់ ១៦ប្រកួតមិនចាញ់ នាង Shields ក៏ជាជើងឯកពិភពលោក ៣ប្រភេទទម្ងន់ផ្សេងគ្នាទៀតផងរួមមាន heavyweight, middleweight និង light-middleweight។
ចំណែកឯគូប្រជែងរបស់នាងគឺ Daniels វ័យ ៣៦ឆ្នាំ មកពីណូវែលហ្សេឡង់វិញ ក៏ជាអតីតម្ចាស់ខ្សែក្រវាត់ IBF ផងដែរ ដែលនាងវ៉ៃមិនចាញ់ឡើយ ក្នុងចំណោម ៩ប្រកួតចុងក្រោយ រួមទាំងស្មើ ២លើក មុនឈានទៅដណ្តើមខ្សែក្រវាត់របស់ Shields ដែលនឹងធ្វើឡើងនៅសង្វៀន Little Caesars Arena៕