(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីសរុប ១៧រូប ទៅចូលរួមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Southeast Asian & Invitational Championship) ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១០-១២ ខែឧសភាខាងមុខនេះ នៅប្រទេសសិង្ហបុរី។

ក្នុងចំណោមប្រតិភូ និងអត្តពលិកសរុបខាងលើ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ១២រូប ដើម្បីចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ក្នុងនោះមានកីឡាករ ៩រូប (កីឡាករ ហេង វុទ្ធី, ហេង រ័ត្នថា, កែវ សុភ័ក្ត, យុន ប៊ុនណា, ឈឿង ឈាង, លឹម សុខលាង, សឿន សុភាស់, ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន) និងកីឡាការិនី ៣រូប (កីឡាការិនី ជា កញ្ញា, ជឿន ស្រីឡែន និងកីឡាការិនី សម្បតិ្ត វណ្ណៈ)។

ជាមួយបេសកកម្មដ៏មានសារៈសំខាន់នេះដែរ ទទួលបានការឧបត្ថម្ភគាំទ្រពីឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ ក្នុងគោលបំណងបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាពឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ នេះ៕