(វ៉ាស៊ីនតោន)៖ កម្មវិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិក រដូវក្តៅ Los Angeles Olympic Games 2028 នៅសហរដ្ឋអាមេរិក នឹងធ្វើឡើងក្នុងកីឡដ្ឋាន ២ផ្សេងគ្នាមិនធ្លាប់មានពីមុនមក។

គណៈកម្មាធិការរៀបចំការប្រកួតបានចេញសេចក្តីប្រកាសដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យថា កីឡដ្ឋានទាំងនោះរួមមាន Memorial Coliseum និង SoFi ដែលស្ថិតក្នុងទីក្រុង Los Angeles ដូចគ្នានាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៨។

គួររំលឹកផងថា Memorial Coliseum ក៏ធ្លាប់បានប្រើប្រាស់ជាទីលានប្រកួតនាអំឡុងអូឡាំពិក ឆ្នាំ១៩៣២ និងឆ្នាំ១៩៨៤ ដែលអាមេរិកបានធ្វើម្ចាស់ផ្ទះដែរ។

ជាមួយគ្នានោះ SoFi ក្រៅពីត្រូវប្រើប្រាស់ជាទីតាំងសម្ពោធ ទីនេះក៏នឹងត្រូវប្រើសម្រាប់ប្រកួតប្រភេទកីឡាហែលទឹក នៅក្នុងសប្តាហ៍ទី២ ផងដែរនៃព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ។

ជាការកត់សម្គាល់ ប្រភេទកីឡាមួយចំនួនដែលបានបាត់មុខពីអូឡាំពិករដូវក្តៅមួយរយៈ ក៏នឹងត្រូវដាក់បញ្ចូលវិញនៅ Los Angeles នេះវិញដែរដែលរួមមាន cricket, lacrosse និង squash ថែមទាំងកីឡាប្រភេទថ្មី flag football ក៏ត្រៀមដាក់បញ្ចូលលើកដំបូងដែរ៕