(បរទេស)៖ តារាបាល់ទាត់លំដាប់ពិភពលោកដូចគ្នាគឺ Sam Kerr និង Kristie Mewis បានប្រកាសពីការទទួលបានកូនប្រុសដំបូងរបស់ពួកគេជាចំណងដៃ ក្នុងនាមស្រ្តីដែលស្រឡាញ់ភេទដូចគ្នា។
ខ្សែប្រយុទ្ធអន្តរជាតិអូស្រា្តលី Kerr និង Mewis របស់សហរដ្ឋអាមេរិក បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ដោយត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «កូនប្រុសតូចរបស់ពួកយើងបានកើតហើយ និងមានឈ្មោះថា Jagger Mewis-Kerr»។
គួររំលឹកផងថា ការឆ្លងទន្លេបានកូនប្រុសនេះដែរ បន្ទាប់ពីពួកគេទាំងពីរបានប្រកាសពីការមានផ្ទៃពោះនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក្រោយពេល Kerr វ័យ ៣១ឆ្នាំ និង Mewis វ័យ ៣៤ឆ្នាំ បានទាក់ទងគ្នាតាំងពីឆ្នាំ២០២១ មុនឈានដល់ការភ្ជាប់ពាក្យជាផ្លូវការនាខែវិច្ឆិកា ឆ្នាំ២០២៣។
Mewis ដែលបានដើរតួជាម្តាយនោះ ទើបតែបានចូលលេង ១ប្រកួតប៉ុណ្ណោះក្នុងក្លិបញញួរធំ West Ham United នារដូវកាល ២០២៤-២៥ នៅក្របខណ្ឌ Women’s Super League របស់អង់គ្លេស មុនពេលពពោះ ស្របពេល Kerr មិនទាន់បានចូលលេងក្នុងប្រកួតណាមួយឡើយជាមួយ Chelsea ដោយសារមិនទាន់ជាសះស្បើយពីរបួសជង្គង់ធ្ងន់ធ្ងរ របស់នាង៕