(ភ្នំពេញ)៖ កីឡាករកូនកាត់ខ្មែរ-អាមេរិក Nick Taylor ខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិកម្ពុជា និងក្លិបព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៩ ខែឧសភានេះ គឺជាថ្ងៃសេរីជ័យមង្គលរបស់ខ្លួន ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀងស្រីដ៏ល្បី រ៉ាប៊ី (Rabee) ស្របពេលក្រុមរបស់ខ្លួន កំពុងត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ទល់នឹងក្លិប FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ថ្ងៃមង្គលរបស់កីឡាករកូនកាត់ ជាមួយម្ចាស់បទ «មាន់ស្រែ» នេះ ដ្បិត Nick ត្រូវបានគេរំពឹងមានភាគរយតិច ក្នុងការជួយក្រុមសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ីខាងលើ តែអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ក៏ដូចជាក្នុងវិស័យសិល្បៈ បានសម្ដែងនូវការអបអរសាទរ និងជូនពរអ្នកទាំងពីរយ៉ាងផុសផុលលើបណ្ដាញសង្គម ខណៈនៅព្រឹកថ្ងៃសុក្រនេះ គេក៏ឃើញលោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ក៏បានចូលរួមថ្ងៃជ័យមង្គលនេះផងដែរ។

គួរដឹងថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្លិប FK Arkdaga នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែឧសភាស្អែក ដើម្បីប្រជែងជើងឯកពានរង្វាន់ AFC Challenge League 2024/25 ចំពោះមុខអ្នកគាំទ្រជាង ៥ម៉ឺននាក់ ដែលបានទិញសំបុត្រចូលទស្សនាការប្រកួតដ៏អស្ចារ្យនេះ ។ ការប្រកួតដែលធ្វើឡើងតែ ១ជើង ដើម្បីកាត់សេចក្ដីរកម្ចាស់ពាននេះ ប្រសិនស្មើគ្នាក្នុងម៉ោងធម្មតា (៩០នាទី) នឹងត្រូវបន្ថែម ១៥នាទី ២ដង ខណៈបើបន្ដស្មើ នឹងត្រូវកាត់សេចក្ដី ដោយការទាត់បាល់ប៉េណាល់ទី៕