(ប៉ារីស)៖ Patrice Evra ដែលត្រូវបានគេស្គាល់ថា ជាខ្សែការពារសំខាន់របស់ Manchester United ជំនាន់លោកតា Sir Alex-Ferguson បានវិវត្តន៍ខ្លួនក្លាយជាកីឡាករប្រដាល់ក្បាច់គុនចម្រុះ MMA ដោយត្រៀមឡើងសង្វៀននាពេលឆាប់ៗខាងមុខទៀតផង។
Evra បច្ចុប្បន្នវ័យ ៤៣ឆ្នាំ ដែលបានលេង ៣៧៩ប្រកួតសរុបជាមួយក្លិបអង់គ្លេស បិសាចក្រហមនៅចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ២០១៩ បន្ទាប់ពីបានចូលហ្វឹកហាត់ប្រដាល់តាំងពីឆ្នាំ២០១៦ ជាមួយនឹងតារាឆ្នើមជាច្រើននៅក្របខណ្ឌ PFL និងមិត្តភក្រ្តរបស់គេគឺ Cedric Doumbe។
Evra ដែលធ្លាប់ចូលលេងបានចំនួន ៨១ប្រកួតជាមួយជម្រើសជាតិមាន់គកបារាំង និងមកលេងកម្ពុជា តាមរយៈកម្មវិធី Gamball 3000 នាអំឡុងខែកញ្ញា ឆ្នាំ២០២៤ ផងនោះបានបង្ហោះសារខ្លីមួយនៅក្នុងបណ្តាញសង្គម ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «អ្នករៀបចំកម្មវិធី នឹងជ្រើសរើសគូប្រកួតឱ្យខ្ញុំ។ ពួកគេបានសួរខ្ញុំផងថា តើចង់ប៉ះនរណាគេ ហើយខ្ញុំបានឆ្លើយថា Luis Suarez»។
ជាការកត់សម្គាល់ផងថា Evra ក៏បានធ្វើការជាអ្នកអត្ថាធិប្បាយបាល់ទាត់នៅទូរទស្សន៍ផងដែរ ក្រោយពីការព្យួរស្បែកជើងបាល់ទាត់នៅលើជញ្ជាំងរួចមក។
The Professional Fighters League (PFL) គឺជាស្ថាប័នធំលំដាប់ទី២ បន្ទាប់ពី UFC នៅ MMA ដែលមានតួនាទី Promote កីឡាករនៅទូទាំងសកលលោក៕