(បរទេស)៖ ក្រុមហ៊ុនវិនិយោគអាមេរិក Bain Capital ត្រូវបានរាយការណ៍មកថា កំពុងរៀបចំដាក់លក់អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅប្រទេសចិន ដែលមានតម្លៃអាចលើសពី ៤ពាន់លានដុល្លារ។ មជ្ឈមណ្ឌលទិន្នន័យនេះ គឺជាផ្នែកមួយនៃក្រុមហ៊ុន WinTriX DC Group។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។
មជ្ឈមណ្ឌលទិន្នន័យនេះ ត្រូវបានគេដឹងថាគឺជាផ្នែកមួយនៃក្រុមហ៊ុន WinTriX DC Group ដែលបង្កើតឡើងពីការរួមបញ្ចូលរបស់ Chindata Group និង Bridge Data Centres។ តាមប្រភពបានឲ្យដឹងថា ការលក់នេះកើតឡើងក្នុងបរិបទដែលមានតម្រូវការកាន់តែខ្លាំងលើមជ្ឈមណ្ឌលទិន្នន័យ ដោយសារការរីកចម្រើនរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ទស្សនវិស័យរបស់ក្រុមហ៊ុន WinTriX គឺគ្រោងនឹងបង្កើតប្រាក់ចំណេញ (EBITDA) ប្រមាណជិត ៤ពាន់លានយ័ន ក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញ ជុំវិញព័ត៌មាននេះ Bain Capital បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យក៏មិនបានឆ្លើយតបទៅនឹងសំណើរបស់ Reuters ដើម្បីសុំការអត្ថាធិប្បាយដែរ។
គួរជម្រាបថា ដំបូងឡើយ Bain Capital បានទិញយកមជ្ឈមណ្ឌលទិន្នន័យចិន Chindata កាលពីឆ្នាំ២០១៩ ហើយបន្ទាប់មកបានបញ្ចូលវាជាមួយ Bridge Data Centres។ នៅឆ្នាំ២០២៣ Bain Capital បានដក Chindata ចេញពីទីផ្សារហ៊ុនហើយប្តូរឈ្មោះជាផ្លូវការជា WinTriX។ ការលក់នេះ ត្រូវបានគេមើលឃើញថាធ្វើឡើងក្នុងបំណងផ្ដោតលើទីផ្សារ ឥណ្ឌា និងម៉ាឡេស៊ីវិញ។ ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance គឺជាអតិថិជនធំបំផុតរបស់ WinTriX ដែលផ្ដល់ចំណូល 86% នៅឆ្នាំ២០២២៕