(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងអភិវឌ្ឍន៍នូវបន្ទះឈីបឯកទេសដែលនឹងផ្តល់ថាមពលដល់ឧបរកណ៍នាពេលអនាគតរបស់ខ្លួន រួមទាំងវែនឆ្លាតវៃដំបូងគេ ម៉ាស៊ីនមេបញ្ញាសិប្បនិម្មិត AI និង MacBooks ថ្មីផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។
ដំណឹងនេះ បង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ Apple ទៅលើបច្ចេកវិទ្យាដែលអាចពាក់បាន និងផ្នែក hardware AI ដែលមានគោលបំណងប្រកួតប្រជែងដោយផ្ទាល់ជាមួយវ៉ែនតាឆ្លាតវៃ Ray-Ban របស់ Meta និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងសេវាកម្ម AI។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិននឹងការបង្កើតបន្ទះឈីបផ្ទាល់ខ្លួននេះនៅមិនទាន់ត្រូវបានបង្ហាញបង្ហាញជាផ្លូវការពីក្រុមហ៊ុននៅឡើយនោះទេ ខណៈដែល Apple ក៏នៅមិនទាន់មានការឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters។
យោងតាមរបាយការណ៍ពី The Information ដដែលបានឱ្យដឹងថា បន្ទះឈីបដែលបានរចនាឡើងសម្រាប់វ៉ែនតាឆ្លាតវៃរបស់ Apple គឺផ្អែកលើបច្ចេកវិទ្យាដែលទទួលបានពីស៊ីលីកុនរបស់ Apple Watch ដែលត្រូវបានកែលម្អសម្រាប់ការប្រើប្រាស់ថាមពលទាប និងមានប្រសិទ្ធភាពថាមពលខ្ពស់ជាង បើប្រៀបធៀបទៅនឹងបន្ទះឈីបដែលប្រើនៅក្នុង iPhones, iPads និង Macs។ ការផលិតបន្ទះឈីបនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ ២០២៧ ខណៈដែល បន្ទះឈីបនេះនឹងត្រូវបានផលិតឡើងដោយ TSMC របស់តៃវ៉ាន់ ហើយវ៉ែនតា ប្រសិនបើទទួលបានជោគជ័យ ទំនងជានឹងចូលមកទីផ្សារក្នុងរយៈពេលប្រហែល ២ ឆ្នាំខាងមុខ។
គួរជម្រាបថា Apple ក៏កំពុងធ្វើការលើបន្ទះឈីប Mac ថ្មីជាច្រើនផងដែរ រួមទាំងដំណើរការដែលទំនងជាត្រូវបានគេស្គាល់ថាជា M6 និង M7 នេះបើយោងតាមរបាយការណ៍៕