(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រារព្ធធ្វើពិធីដាក់ឱ្យដំណើរការជាផ្លូវការសេវាបង់ពន្ធគ្រប់ប្រភេទជូនអគ្គនាយកដ្ឋានពន្ធដារ។ សេវានេះផ្ដល់ភាពងាយស្រួលដល់រូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបង់ពន្ធគ្រប់ប្រភេទជូនដល់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈបណ្តាញសាខាដ៏ទូលំទូលាយ និងកម្មវិធី KB PRASAC Mobile របស់ធនាគារ ខេប៊ីប្រាសាក់ ដោយមិនអស់កម្រៃសេវា។ ពិធីនេះបានប្រព្រឹត្តិនៅការិយាល័យកណ្តាល ធនាគារ ខេប៊ីប្រាសាក់ ក្រោមអធិបតីភាពលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក អ៉ុំ សមអឿន ប្រធាននាយកប្រតិបត្តិធនាគារ ខេប៊ីប្រាសាក់ ព្រមទាំងវត្តមាននៃការអញ្ជើញចូលរួមភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
លោក អ៉ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «ធនាគារខេប៊ីប្រាសាក់យើងខ្ញុំសូមថ្លែងអំណរគុណ និងពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់សិទ្ធិដើម្បីធ្វើការប្រមូលពន្ធ-អាករជូនអគ្គនាយកដ្ឋានពន្ធដារ។ បណ្ដាញការិយាល័យ និងសមត្ថភាពផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុអនុញ្ញាតឱ្យយើងខ្ញុំ ផ្ដល់សេវានេះជូនដល់អ្នកជាប់ពន្ធបានទូលំទូលាយ និងមានប្រសិទ្ធភាព។ ធនាគារខេប៊ីប្រាសាក់ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្នុងការបម្រើសេវាប្រតិបត្តិការពន្ធចំណូលពន្ធ-អាករនេះ ដោយសារតែក្នុងនាមជាពលរដ្ឋសហគ្រាសមួយ ធនាគារ ខេប៊ីប្រាសាក់ តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្ត ក្នុងអនុលោមភាពសារពើពន្ធ និងតែងតែទទួលបានលិខិតសរសើរពីប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសដែលធនាគារទទួលបាននាមជាសហគ្រាសបង់ពន្ធច្រើនជាងគេ និងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស ពីអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ»។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានវាយតម្លៃខ្ពស់ចំពោះធនាគារ ខេប៊ីប្រាសាក់ ដែលបានចូលរួមសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ រៀបចំឱ្យមានសេវាទទួលប្រាក់ពន្ធ-អាករគ្រប់ប្រភេទ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកៀរគរចំណូល របស់កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការប្រើប្រាស់សេវាកម្មធនាគារសម្រាប់ប្រតិបត្តិការចំណូលពន្ធ-អាករ គឺក្នុងគោលដៅបង្ខិតសេវាបង់ពន្ធឱ្យទៅជិតអ្នកជាប់ពន្ធ និងផ្ដល់ជាជម្រើសងាយស្រួលក្នុងការបង់ពន្ធ ព្រមទាំងធានាបាននូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងប្រមូលពន្ធ»។
ខេប៊ីប្រាសាក់ គឺជាធនាគារទី១៣ ដែលកំពុងធ្វើប្រតិបត្តិការផ្ដល់សេវាទទួលប្រាក់ពន្ធ-អាករជូនអគ្គនាយកដ្ឋានពន្ធដារ។ ខេប៊ីប្រាសាក់ ត្រូវបានអនុញ្ញាតឱ្យបម្រើសេវានេះ ព្រោះបានធនាគារបានឆ្លងកាត់ការពិនិត្យយ៉ាងម៉ត់ចត់ទៅលើសមត្ថភាព និងគុណវុឌ្ឍិ ទាំងលើទ្រព្យសកម្ម ធនធានមនុស្ស យន្តការគ្រប់គ្រង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទាំងភាពរឹងមាំនិងជឿទុកចិត្តបាននៃធនាគារ អនុលោមភាពសារពើពន្ធ និងលក្ខខណ្ឌផ្សេងៗទៀតជាច្រើន។
ការដាក់ឱ្យដំណើរការជាផ្លូវការនូវការប្រើប្រាស់សេវាកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ សម្រាប់ប្រតិបត្តិការចំណូលពន្ធ-អាករ នឹងបង្ខិតសេវាបង់ពន្ធ-អាករទៅកៀកនឹងអ្នកជាប់ពន្ធ និងជួយកាត់បន្ថយការលំបាកនានា ដោយផ្ដល់មកវិញនូវការជឿទុកចិត្តពីសំណាក់អ្នកជាប់ពន្ធ ជាពិសេសផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយភាពស្មុគស្មាញកន្លងមក។ ការចូលរួមប្រើប្រាស់សេវាកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ សម្រាប់ប្រតិបត្តិការចំណូលពន្ធ-អាករនេះដោយអ្នកជាប់ពន្ធ នឹងជាកត្តាលីករដ៏សំខាន់ ក្នុងការពង្រឹងនូវវប្បធម៌បង់ពន្ធ ការធានាបាននូវតម្លាភាព និងគណនេយ្យភាពនៃការបង់ពន្ធ និងការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការបង់ពន្ធជូនរដ្ឋ។
ជាទីបញ្ចប់លោកបានសម្ដែងការអបអរសាទរចំពោះធនាគារ ខេប៊ីប្រាសាក់ ចំពោះជោគជ័យក្នុងការធ្វើធុរកិច្ចក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និងការដាក់ឱ្យដំណើរការជាផ្លូវការសេវាបង់ពន្ធនៅថ្ងៃនេះ និងជូនពរធនាគារ ខេប៊ីប្រាសាក់ បន្តទទួលបានជោគជ័យ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា៕