(ភ្នំពេញ)៖ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកសន្ទុះអ្នកគាំទ្របាល់ទាត់នៅកម្ពុជា គឺជាការគាំទ្រដ៏អស្ចារ្យ ហើយលោកនឹងផ្ដល់នូវការមួយដ៏ល្អ ដើម្បីឆ្លើយតបនឹងការគាំទ្រដ៏ផុសផុលនេះ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024/25 ជាមួយក្លិប FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើ បានលើកឡើងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រស្អែកនេះ គឺជាការប្រកួតមួយដ៏រំភើប សម្រាប់ក្រុម ដែលបានលេងពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ី ហហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមទាំងមូល បានត្រៀមខ្លួនក្នុងការហ្វឹកហាត់ ក៏ដូចជាការប្រកួតយ៉ាងល្អ។ លោកសង្ខឺមថា ថ្ងៃស្អែកក្រុមនឹងផ្ដល់នូវការប្រកួតមួយដ៏ល្អសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ។
លោក Pep និយាយថា «ខ្ញុំសូមអរគុណខ្លាំងមែនទែន ចំពោះអ្នកគាំទ្រ គឺពិតជាអស្ចារ្យណាស់ អ្នកគាំទ្រនៅប្រទេសកម្ពុជា ដែលពួកគាត់ធ្វើការខ្លាំង ទម្រាំទទួលបានសំបុត្រចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គឺមិនងាយស្រួលទេ ។ ដូច្នេះសម្រាប់ថ្ងៃស្អែក ពួកយើងនឹងផ្ដល់ឲ្យនូវការប្រកួតមួយដ៏ល្អសម្រាប់ពួកគាត់ ហើយនឹងធ្វើឲ្យអ្នកគាំទ្រទាំងអស់នៅក្នុងប្រទេសកម្ពុជារបស់យើង រីករាយជាមួយការប្រកួតថ្ងៃស្អែក» ។
គួរដឹងថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្លិប FK Arkdaga នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែឧសភាស្អែក ដើម្បីប្រជែងជើងឯកពានរង្វាន់ AFC Challenge League 2024/25 ចំពោះមុខអ្នកគាំទ្រជាង ៥ម៉ឺននាក់ ដែលបានទិញសំបុត្រចូលទស្សនាការប្រកួតដ៏អស្ចារ្យនេះ ។ ការប្រកួតដែលធ្វើឡើងតែ ១ជើង ដើម្បីកាត់សេចក្ដីរកម្ចាស់ពាននេះ ប្រសិនស្មើគ្នាក្នុងម៉ោងធម្មតា (៩០នាទី) នឹងត្រូវបន្ថែម ១៥នាទី ២ដង ខណៈបើបន្ដស្មើ នឹងត្រូវកាត់សេចក្ដី ដោយការទាត់បាល់ប៉េណាល់ទី៕