(ម៉ូនិច)៖ គ្រូបង្វឹក Xabi Alonso នឹងលាឈប់ពីក្លិបអាល្លឺម៉ង់ Bayer Leverkusen ក្រោយចប់រដូវកាលឆ្នាំ២០២៤-២៥ ដែលត្រូវបានគេរាយការណ៍ថា នឹងទៅដឹកនាំ Real Madrid ជំនួសកៅអីលោក Carlo Ancelotti ផងដែរ។
បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៤៣ឆ្នាំរូបនេះ នឹងទៅជំនួសតំណែងលោក Ancelotti ក្នុងក្លិបអធិរាជស Real Madrid ដែលត្រូវបាន BBC Sport ដកស្រង់ចេញផ្សាយពីអ្នកជំនាញកីឡាបាល់ទាត់អេស្ប៉ាញ លោក Guillem Balague បើទោះបីជាមិនទាន់ត្រូវបានប្រកាសផ្លូវការកើតឡើងក៏ដោយ។
នៅចាំបានថា កាលពីឆ្នាំទៅអតីតខ្សែបម្រើក្លិប Liverpool និងជម្រើសជាតិអេស្ប៉ាញ Alonso បានដឹកនាំ Leverkusen ឈ្នះពាន២ នារដូវកាលមុនរួមមាន Bundesliga និង German Cup ដោយពុំចាញ់ប្រកួតណាមួយឡើយ នៃរដូវកាលដំបូងក្នុងក្រុមធំរបស់លោកទៀតផង។
Alonso បានថ្លែងកាលពីថ្ងៃសុក្រថា «រវាងក្លិប និងខ្ញុំបានព្រមព្រៀងគ្នា ក្នុងការចែកផ្លូវគ្នា នៅក្រោយពេលបញ្ចប់ ២ប្រកួតទៀតនារដូវកាលនេះ»។
ការចាកចេញនេះដែរ ត្រូវបានគេរំពឹងថា Xabi Alonso នឹងទៅដឹកនាំ Real Madrid ជាទីដែលលោកបានវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកដំបូង តាមរយៈដឹកនាំក្រុមឈុត Under-14 ក្នុងឆ្នាំ២០១៨៕