(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានយល់ព្រមបង់ប្រាក់ ១.៣៧៥ពាន់លានដុល្លារដល់រដ្ឋតិចសាស់ ដើម្បីដោះស្រាយបណ្តឹង ដែលចោទប្រកាន់ថា ក្រុមហ៊ុនបានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ អាជ្ញារដ្ឋនេះ លោក Ken Paxton បានប្រកាសថា ការសម្រេចនេះជាការទូទាត់ប្រាក់ដ៏ធំបំផុតដែលរដ្ឋតែមួយសម្រេចបាន ចំពោះក្រុមហ៊ុន Google សម្រាប់ការបំពានលើទិន្នន័យឯកជនភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

រដ្ឋតិចសាស់បានចោទប្រកាន់ Google ថាបានប្រមូលទិន្នន័យ និង ទីតាំងរបស់អ្នកប្រើប្រាស់ ទោះបីជាអ្នកប្រើបានបិទ Location Services ក៏ដោយ។ ក្នុងនោះ មានការប្រមូលព័ត៌មានជាសំឡេង និងរូបរាងមុខមាត់អ្នកប្រើ តាមកម្មវិធី Google Assistant និង Google Photos ដែលធ្វើឲ្យអ្នកប្រើប្រាស់យល់ច្រឡំអំពីភាពឯកជននៅក្នុង Incognito Mode នៃកម្មវិធី Chrome។ ទោះបីជាយល់ព្រមតាមលក្ខខណ្ឌនៃការសម្រេចបង់ប្រាក់ដូចខាងលើ តែ Google មិនទទួលស្គាល់ថាបានធ្វើខុសច្បាប់ទេ ពោលគឺក្រុមហ៊ុនមិនត្រូវបានបង្ខំឲ្យផ្លាស់ប្តូរកម្មវិធីរបស់ខ្លួនឡើយ។ Google បានបញ្ជាក់ថា ការសម្រេចនេះពាក់ព័ន្ធនឹង «ការចោទប្រកាន់ចាស់ៗ» ហើយក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពគោលនយោបាយរួចរាល់ហើយ។

គួរជម្រាបថា ការពិន័យជាទឹកប្រាក់ខាងលើនេះ ត្រូវបានគេចាត់ទុកថា ជាការសងប្រាក់ធំបំផុតដែលរដ្ឋតែ​មួយអាចសម្រេចបាន ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google។ ដូចគ្នានេះដែល ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook និង Instagram បានយល់ព្រមកាលពីឆ្នាំមុន ដើម្បីបង់ប្រាក់ចំនួន ១.៤ ពាន់លានដុល្លារ ដើម្បីដោះស្រាយជាមួយលោក Paxton ជុំវិញការចោទប្រកាន់ថា ខ្លួនបានប្រមូល និងប្រើប្រាស់ទិន្នន័យសម្គាល់មុខដោយខុសច្បាប់៕