(ភ្នំពេញ)៖ ពេលនិយាយពីព្រឹត្តិការណ៍កីឡាជាតិមិនថាតូច ឬធំ ថ្នាក់ជាតិ ឬអន្តរជាតិ គឺយើងគិតដល់ក្រុមហ៊ុន វឌ្ឍនៈ ភ្លាម ព្រោះក្រុមហ៊ុនរបស់កូនខ្មែរមួយនេះតែងចូលរួមយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍន និងលើកំពស់វិស័យកីឡា បណ្តុះស្មារតីដល់យុវជនយើងឲ្យស្រឡាញ់កីឡា និងគាំទ្រកីឡា ទាំងកីឡាបាល់ទាត់ កីឡាប្រដាល់គុនខ្មែរ ព្រមទាំងកីឡាជាច្រើនទៀតផងដែរ។

ភាពរីកចម្រើន និងសន្ទុះនៃការគាំទ្រឡើងវិញរបស់អ្នកគាំទ្រ គឺកើតចេញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសការឧបត្ថម្ភគាំទ្រដែលពិតជាសំខាន់មិនអាចខ្វះបានពីម្ចាស់ឩបត្ថម្ភ ដែលមានទាំងថរិកា សម្ភារៈផងដែរ ជាមួយនឹងទឹកចិត្តស្រឡាញ់កីឡា ព្រមទាំងចក្ខុវិស័យវែងឆ្ងាយ។ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ តែងត្រូវបានគេស្គាល់ថាជាបុគ្គលម្នាក់ដែលស្រឡាញ់កីឡា ហើយជាចំណែកមួយចូលរួមអភិវឌ្ឍនៈវិស័យកីឡា រួមមាន ព្រឹត្តិការណ៍កីឡា ពានរង្វាន់ ស្ថាប័នកីឡា ក្លិប កីឡាករ កីឡាការិនី និងសកម្មភាពកីឡាផ្សេងៗជាច្រើន។

ជាក់ស្តែង ក្រុមហ៊ុន វឌ្ឍនៈ បានបន្តជាអ្នកឧបត្ថម្ភធំសម្រាប់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge 2024/2025 រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអាកាដា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧យប់តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានអ្នកទិញសំបុត្រទស្សនាជិត ៦ ម៉ឺននាក់។

ការគាំទ្រដ៏ធំធេងនេះ រំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើក SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ដោយមានក្រុមហ៊ុន វឌ្ឍនៈ ជាអ្នកចូលរួមឧបត្ថម្ភដ៏សំខាន់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់មួយនេះ ទទួលបានការកោតសរសើរពីអន្តរជាតិ។

ក្រុមហ៊ុន វឌ្ឍនៈ ក៏បានចូលរួមចំណែកលើកស្ទួយវិស័យកីឡាជាច្រើនទៀត រួមមាន ស៊ីហ្គេម ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លីគបាល់ទាត់កំពូលកម្ពុជា ការប្រកួតកីឡាជាតិ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង គ្រុឌគុនខ្មែរ ដ្រាហ្គិនគុនខ្មែរ គ្រុឌស៊ូបភើខាប់ ការប្រកួតបាល់ទាត់យុវជន និងការគាំទ្រដល់ក្លិបបាល់ទាត់ល្បីៗ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏តែងតែផ្តល់ថវិកាផ្ទាល់ដល់កីឡាករ គ្រូបង្វឹក និងក្រុមការងាររៀបចំការប្រកួត ដើម្បីលើកកម្ពស់ជីវភាព និងផ្តល់កម្លាំងចិត្តដល់ពួកគេ។ ក្រុមហ៊ុនក៏បានឧបត្ថម្ភដល់កីឡាករគុនខ្មែរដែលបានចេញទៅប្រកួតនៅក្រៅប្រទេស និងសកម្មភាពកីឡាជាច្រើនផ្សេងទៀត។

ការចូលរួមចំណែកដ៏ធំធេង និងជាបន្តបន្ទាប់របស់ក្រុមហ៊ុន វឌ្ឍនៈ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ៕