(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានខកខានឱកាសគ្រងជើងឯកពានរង្វាន់ AFC Challenge League 2024/25 ទាំងគួរឲ្យសោកស្ដាយបំផុត បន្ទាប់ពីប្រកួត ១២០នាទី ចាញ់ក្រុមភ្ញៀវ FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១០ ខែឧសភាកន្លងទ នៅពហុកីឡដ្ឋានជាតិមរកតេជោ រាជធានីភ្នំពេញ។

ទោះបីរបូតពានកម្រិតទី៣ លើទឹកដីរបស់ខ្លួន តែលោក Pep Munoz គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហាញមោទនភាពលើកូនក្រុមរបស់ខ្លួន ដែលបានព្យាយាមធ្វើការខ្លាំងក្នុងការប្រកួតនេះ ស្របពេលកីឡាកររបស់គូប្រជែង បានព្យាយាមដេកដួលរមួលផ្សំគ្រេច ដើម្បីបានសម្រាក និងប្រមូលផ្ដុំកម្លាំង ជាមួយទម្រង់លេងការពារវាយបកដ៏ខ្លាំងរបស់ពួកគេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតលោក Pep បានលើកឡើងថា ការប្រកួតនេះ ក្រុមរបស់ខ្លួនលេងបានល្អ ពិសេសលេតាមផែនការ និងការរៀបចំ ។ ទោះបី FK Arkadag ជាក្រុមពូកែការពារវាយបក តែជារួមការប្រកួត ព្រះខ័នរាជស្វាយរៀង បានគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុង ។ យ៉ាងណាបាល់ទាត់ គឺជាកីឡាករទាត់ចូលទី ហើយទីបំផុតពួកគេ រកបាន ២គ្រាប់ ខណៈព្រះខ័នរាជ រកបានត្រឹម ១គ្រាប់ មិនអាចឈ្នះការប្រកួតនេះឡើយ ហើយលោកក៏បានអបអរសាទរក្រុមភ្ញៀវ ដែលបានគ្រងជើងឯកនេះដែរ។

ជុំវិញការលេងបែបស៊ីម៉ោង តាមរយៈការដេកដួលរមួលផ្សំគ្រេចរបស់កីឡាករ Arkadag វិញ លោក Pep បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានថា «អ្នកឃើញហើយប៉ុន្មានលើកដែលពួកគេដួលនៅលើទីលាន? យើងអត់អាចនិយាយបានថា វាជាការស៊ីម៉ោងទេ ប៉ុន្តែការដែលពួកគេធ្វើបែបនេះ គឺដើម្បីបានសម្រាក និងប្រមូលកម្លាំងមកវិញ ។ យើងទទួលស្គាល់ថាយើងក៏នឿយហត់ ប៉ុន្តែដោយសារយើងព្យាយាមប្រយុទ្ធទៅខាងគេ ហើយពួកគេគ្រាន់តែការពារ ២ជួរ ទុកខាងលើតែម្នាក់ដើម្បីវាយបក»

«គាត់ធ្វើបែបនេះការផ្លាស់ប្ដូរខាងរបស់យើង ការប្រយុទ្ធរបស់យើង ក៏ធ្វើឲ្យពួកគេហត់នឿយដែរ ។ អ៊ីចឹងហើយបានជាយើងមោទនភាពលើកីឡាកររបស់យើង ដែលគាត់ធ្វើបានល្អខ្លាំង ហើយចុងក្រោយយើងព្យាយាមសម្រុកខ្លាំង ទើបកីឡាករយើងកាន់តែហត់នឿយ។ ចុងក្រោយ ខ្ញុំជាគ្រូបង្វឹក ការចាញ់ការប្រកួតនេះ ខ្ញុំគឺជាអ្នកដាក់កីឡាករលេង អ៊ីចឹងការបរាជ័យនេះ គឺខ្ញុំជាអ្នកទទួលខុសត្រូវ»

ដោយឡែកលោក Ahmet Allaberdiyev គ្រូបង្វឹកក្រុម FK Arkadag បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយដឹកនាំក្រុមគ្រងជើងឯក AFC Challenge League 2024/25 ថាលោកអរគុណសម្រាប់អ្នកគាំទ្រដ៏ច្រើន ហើយវាពិតជាអំណោយផលសម្រាប់ក្រុមម្ចាស់ផ្ទះ ដែលមានអ្នកគាំទ្រជាង ៥ម៉ឺននាក់ ។ លោកទទួលស្គាល់ព្រះខ័នរាជស្វាយរៀង ពិតជាក្រុមខ្លាំង ដែលលេងទៅតាមផែនការដ៏ច្បាស់លាស់ តែយ៉ាងណាការប្រកួតនេះ សំណាងនៅខាង Arkadag ហើយលោកពិតជាសប្បាយចិត្ត ដែលក្រុមខ្លួនទទួលបានជ័យជម្នះដ៏សំខាន់នេះ។

គួរដឹងថា ការបរាជ័យរបស់ក្លិបព្រះខ័នរាជស្វាយរៀង មិនត្រឹមតែកីឡាករ និងក្រុមការងាររបស់ក្រុមជើងឯកលីគកំពូលកម្ពុជានេះទេ ដែលសោកសៅ ខណៈអ្នកគាំទ្រក្រុមផ្ទាល់ និងប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ដែលបានចូលរួមទស្សនា និងគាំទ្រតាមរយៈការផ្សាយបន្ដផ្ទាល់នានា នៅតាមបណ្ដារាជធានី-ខេត្តជាច្រើន ក៏បានបង្ហាញនូវការសោកស្ដាយ និងមិនអស់ចិត្តចំពោះការបរាជ័យនេះដែរ ដ្បិតពួកគេមើលឃើញថា ក្រុមព្រះខ័នរាជស្វាយរៀង ពិតជាធ្វើបានល្អ និងខំប្រឹងយ៉ាងខ្លាំងក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ៕