(ភ្នំពេញ)៖ កីឡាករមកពីបណ្ដាប្រទេសចំនួន១០ ទាំងក្នុងទ្វីបអាស៊ី និងអឺរ៉ុប ចូលរួមមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីដណ្ដើមពានរង្វាន់ជើងឯក «ENEOS​ Championship ឆ្នាំ 2025» នាទីលានសន្ដិភាព លី យ៉ុងផាត់ ភ្នំពេញសាហ្វារី។

មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្ដើមពានរង្វាន់ជើងឯក «ENEOS Championship ឆ្នាំ 2025» ដើម្បីផ្សាភ្ជាប់ជាមួយវិស័យទេសចរណ៍នេះ រៀបចំដោយគណៈកម្មការរៀបចំការប្រកួតម៉ូតូត្រៃ សហការរៀបចំដោយក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា ក្រោយការអនុញ្ញាតពីសហព័ន្ធកីឡាយានយន្ដកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោក ពេជ្រ សុខា ប្រធានគណៈកម្មាធិការរៀបចំការប្រណាំងម៉ូតូត្រៃ បានបង្ហាញក្ដីសោមមនស្សរីករាយដែលបានរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ដោយអះអាងថា មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្ដើមពានរង្វាន់ជើងឯក «ENEOS Championship ឆ្នាំ 2025» ជាព្រឹត្តិការណ៍ធំជាងគេក្នុងឆ្នាំ២០២៥នេះ។

បើតាមលោក ពេជ្រ សុខា ក្នុងនាមជាកូនខ្មែរ បានបង្ហាញមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ហើយកាន់តែអស្ចារ្យ គឺកីឡាករដែលចូលរួមមានចំនួន១៨៥នាក់ មកពី១០ប្រទេស។ ក្នុងនោះរួមមាន កម្ពុជា, វៀតណាម, ថៃ, វែល, ស្កត់ឡែន, អង់គ្លេស, បារាំង, ហូឡង់, អាហ្វ្រីកា និងអូស្ដ្រាលី។

ជាមួយគ្នានេះ លោកឧកញ៉ា សូ សុខប៊ុនលីម អគ្គនាយកក្រុមហ៊ុន Professional Trader (Cambodia) និង ក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា បានគូសបញ្ជាក់ថាការរៀបចំព្រឹត្តការណ៍ប្រណាំងម៉ូតូត្រៃដណ្តើម ជើងឯកពានរង្វាន់​ ENEOS Championship នេះឡើងគឺ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាយានយន្ត ក៏ដូចជាវិស័យកីឡាប្រណាំងម៉ូតូត្រៃនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។

លោកឧកញ៉ា បានអះអាងទៀតថា មហាព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីផ្សាភ្ជាប់រវាងកីឡាយានយន្ត និងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុងកម្ពុជាផងដែរ ខណៈព្រឹត្តការណ៍នេះ មានការចូលរួមដោយកីឡាកជាតិ និងកីឡាកអន្តរជាតិ ដែលមកពីបណ្តាលប្រទេសប៉ែកអ៊ឺរ៉ុប អាស៊ីអាគ្នេយ៍ និងអាហ្វ្រីកខាងត្បូង។

សូមជម្រាបជូនថា ក្រុមហ៊ុន ENEOS Corporation គឺជាក្រុមហ៊ុនថាមពលវ័យចំណាស់មួយ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុង ប្រទេសជប៉ុន ហើយបានធ្វើពាណិជ្ជកម្ម ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS ដែលជាផលិតផលមួយក្នុងចំណោម ផលិតផលជាច្រើនមកកាន់ពិភពលោក។

ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS ត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន Professional Trader (Cambodia) Co., LTD សម្រាប់ទីផ្សាកម្ពុជាតាំងពីឆ្នាំ២០១៦កន្លងមក ហើយបានចែកទៅកាន់២៥ខេត្ត-ក្រុង តាមរយៈអតិថិជនលក់ដុំ និងរាយជាង១,៥០០កន្លែង៕