(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរីហើយ ខណៈថ្ងៃដំបូង កម្ពុជា ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ដែលដណ្ដើមបានដោយកីឡាករ បុន ប៊ុនណា លើវិញ្ញាសាចំបាប់សេរី Freestyle ទម្ងន់ ៧០គីឡូក្រាម។
គួរដឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានអត្តពលិកមកពីប្រទេសជាច្រើនចូលរួម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ១៧នាក់ចូលរួមផងដែរ ដោយមានកីឡាករ-កីឡាការិនី ១២រូប ដើម្បីប្រជែងមេដាយជូនជាតិ ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។
បេសកកម្មប្រកួតលក្ខណៈអន្ដរជាតិនេះដែរ ធ្វើឡើងក្នុងគោលបំណងសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ៕