(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការរៀបចំវគ្គបណ្ដុះបណ្ដាលហ្វឹកហាត់ជំនាញ់ក្បាច់គុនហាប់គីដូ ដល់សិក្ខាកាមចំនួន ២៥នាក់ ដើម្បីពង្រឹងចំណេះដឹងផ្នែកក្បាច់គុនការពារខ្លួន ក៏ដូចជាលើកកម្ពស់សមត្ថភាព ក្នុងការចុះបង្ក្រាបបទល្មើសនានា ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
លោក គួច ហុងជៀក ប្រធានស្ដីទីសហព័ន្ធ បានថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើ កាលពីថ្ងៃទី១០ ខែឧសភាថា នេះគឺជាមោទនភាពមួយ ដែលថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្ដោតយការយកចិត្តទុកដាក់ និងបញ្ជូនសិក្ខាកាមជាមន្ដ្រីអនុវត្តច្បាប់ មកហ្វឹកហាត់ជំនាញកីឡា ដែលជាក្បាច់គុនការពារខ្លួន និងការបង្ក្រាបបទល្មើសនានា។
ជាការពិតក្បាច់គុន មិនត្រឹមតែលើកកម្ពស់សមត្ថភាព និងសុខភាព តែក៏អាចជួយការពារកងកម្លាំង រាល់ពេលចុះប្រតិបត្តិការការងារ ដ្បិតមុខសញ្ញាផ្សេងៗ មិនប្រាកដប្រគល់ខ្លួន ឬសហការ ឬមានអាវុធឬអត់ទេ ។ ដូច្នេះតាមរយៈវគ្គបណ្ដុះបណ្ដាលខ្លីនេះ លោកសង្ឃឹមថា នឹងក្លាយជាចំណែកមួយដ៏សំខាន់ ដើម្បីផ្ដល់នូវចំណេះដឹងជំនាញក្បាច់គុនដល់សិក្ខាកាម យកទៅបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ទន្ទឹមជាមួយគ្នា លោកឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលទទួលបានកិច្ចសហការពីសហព័ន្ធ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលចំណេះជំនាញក្បាច់គុនការពារខ្លួន ដល់មន្ដ្រីកងកម្លាំងរបស់ខ្លួន ដោយមានការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពរបស់មន្ដ្រីពីសំណាក់ថ្នាក់ដឹកនាំក្រសួងក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ។
លោកបន្ដថា វគ្គហ្វឹកហាត់នេះ នឹងលើកម្ពស់ដល់សិក្ខាកាមនូវចំណេះដឹងផ្នែកក្បាច់គុណការពារខ្លួន និងសុខភាពមាំងមួន ក៏ដូចជាលើកកម្ពស់សមត្ថភាពបន្ថែមជូនមន្ត្រីជំនាញ ក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យឲ្យមានប្រសិទ្ធភាព ព្រមទាំងការពារខ្លួនពីការធ្វេសប្រហែស និងការប្រឆាំងតបរបស់ជនសង្ស័យប្រកបដោយសុវត្ថិភាពត្រឹមត្រូវ។ ដូច្នេះលោកបានសំណូមពរឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ខ្ពស់បំផុត ព្រោះនេះគឺជាឱកាសដ៏ល្អ ដែលមិនត្រឹមតែផ្ដល់នូវអត្ថប្រយោជន៍សម្រាប់បម្រើការងារជូនអង្គភាព និងសង្គមជាតិ តែក៏ជាការការពារនូវសុខសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ៕