(តូរីន)៖ ក្រុមការពារតំណែងជើងឯក Inter Milan បានបំបាក់ម្ចាស់ផ្ទះ Torino ២ទល់នឹង០ ក្រោមដំណក់ទឹកភ្លៀង ធ្វើដំណើរកាន់តែខិតជិតក្រុមកំពូលតារាង Napoli នៃការប្រជែងជើងឯកលីគកំពូលតារាង Serie A របស់អ៉ីតាលីរដូវកាលនេះ។

៣ពិន្ទុដ៏សំខាន់ក្រៅដីនាយប់មិញនេះដែរ បានញាំងឱ្យ Inter Milan ដែលឈានដល់ផ្តាច់ព្រ័ត្រ UEFA Champions League 2024-25 ទល់នឹង Paris Saint Germain រកបាន ៧៧ពិន្ទុ ចាញ់ប្រៀបពពកស Napoli តែ ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្តាហ៍ទី៣៦ ជើងទី២។

ក្នុងប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង Turin នោះដែរ ក៏មានការប្រកាសអាសន្នពីខ្យល់ព្យុះ ក្រោយពេលមានភ្លៀងធ្លាក់យ៉ាងដំណំ នៅពេលកំពុងដំណើរប្រកួតនៃវគ្គទី១។

២គ្រាប់ជ័យជម្នះដែលធ្វើបានសម្រេចដោយកីឡាករ Zalewski និង Asllani បានធ្វើឱ្យ Inter បន្តឈរលេខ២ ក្នុងតារាងពិន្ទុ Serie A ស្របពេលក្រុមកំពូលតារាង Napoli លេងស្មើ ២-២ ទល់នឹងភ្ញៀវ Genoa។

ឆ្លងតាម ៣ពិន្ទុក្រៅដីនេះដែរ Inter បានបញ្ចប់ទៅដោយសប្តាហ៍ដ៏អស្ចារ្យរបស់ពួកគេ ក្រោយពេលទម្លាក់ FC Barcelona ៤-៣ ក្នុងជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយ ដើម្បីយកឈ្នះក្រុមអ្នកមានបុណ្យលទ្ធផលទាំងពីរជើង ៧-៦ ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាលើកទី៧ ក្នុងនាមធ្លាប់ឈ្នះ ៣លើក និងរងជើងឯក ៣លើកផងដែរ៕