(បរទេស)៖ របាយការណ៍ថ្មីពី FT បានឲ្យដឹងថា ក្រុមហ៊ុនបញ្ញាសប្បនិម្មិត OpenAI និង Microsoft កំពុង​ស្ថិតក្នុងដំណាក់ការចរចា​យ៉ាងសំខាន់មួយ ដើម្បី​កំណត់​ជំហាន​ថ្មី​ក្នុង​កិច្ចសហប្រតិបត្តិការ​របស់​ពួកគេ។ ការចរចានេះអាច​បើក​ផ្លូវឲ្យ OpenAI ប្រែ​ចេញ​ពី​ក្រុមហ៊ុន​មិនរក​ប្រាក់​ចំណេញ ទៅ​ជា​ក្រុមហ៊ុនរកប្រាក់ចំណេញ និងអាច​ចេញផ្សាយ​ភាគហ៊ុន​នៅ​ពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។

Microsoft ដែល​បានវិនិយោគលើសពី ១៣ពាន់លាន​ដុល្លារ​នៅក្នុង OpenAI តាំងពីឆ្នាំ២០១៩ កំពុងពិចារណា​អំពី​ភាគហ៊ុន​របស់ខ្លួន​ក្នុង​ស្ថាប័នបញ្ញាសប្បនិម្មិតមួយនេះ។ ក្នុង​ការ​ប្តូរនេះ Microsoft ប្រហែលជា​ទាមទារ​សិទ្ធិប្រើប្រាស់​បច្ចេកវិទ្យា AI ដ៏ឈាន​មុខរបស់ OpenAI បន្ថែម​ទៀត ពី​បច្ចុប្បន្ន​ដល់​ឆ្នាំ២០៣០។ យ៉ាងណាមិញ ជុំវិញរបាយការណ៍ខាងលើនេះ ក្រុមហ៊ុន Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយ ខណៈ OpenAI មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។

OpenAI បានប្រាប់វិនិយោគិនថា ខ្លួននឹងចែករំលែកចំណែកតូចមួយនៃប្រាក់ចំណូលជាមួយអ្នកគាំទ្រដ៏ធំបំផុតរបស់ខ្លួន នៅពេលដែលវាឈានទៅមុខជាមួយនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នេះបើតាមព័ត៌មានដែលបានរាយការណ៍កាលពីសប្តាហ៍មុន។ នៅក្នុងខែមករា ក្រុមហ៊ុន Microsoft បានផ្លាស់ប្តូរលក្ខខណ្ឌមួយចំនួននៃកិច្ចព្រមព្រៀងជាមួយ OpenAI បន្ទាប់ពីបានចូលទៅក្នុងការបណ្តាក់ទុនរួមគ្នាជាមួយ Oracle និង ក្រុមហ៊ុន SoftBank របស់ជប៉ុន ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិតថ្មីរហូតដល់ ៥០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក។

ទោះជា​យ៉ាងណា ការផ្លាស់ប្តូរនេះ​ក៏ជួប​មតិរិះគន់ ជាពិសេសពីសំណាក់​​ លោក Elon Musk ដែល​លើកឡើងថា វាប៉ះពាល់​ដល់​បេសកកម្ម​ដើម​របស់ OpenAI ដែល​ជា​ការ​អភិវឌ្ឍ AI សម្រាប់​ផលប្រយោជន៍​សាធារណៈ។ បច្ចុប្បន្ន OpenAI នៅតែស្ថិតនៅក្រោម​ការគ្រប់គ្រងដោយ​អង្គការ​មិនរកប្រាក់ចំណេញ។ ពួកគេ​កំពុង​ប្រឹងប្រែង​រក​សមតុល្យ​រវាង​ការ​រំពឹងទុកពីអ្នកវិនិយោគ និង​បេសកកម្ម​ដើម ខណៈពេល​ដែល​ត្រូវ​ជួប​ប្រទះ​នឹង​ការ​ត្រួតពិនិត្យ​ផ្នែក​ច្បាប់​នៅ​រដ្ឋ California និង Delaware៕