(បរទេស)៖ មានរបាយការណ៍ថា Apple កំពុងរៀបចំដាក់ចេញ iPhone បែបថ្មីបំផុតរបស់ខ្លួននៅឆ្នាំ២០២៧ ដែលមានរចនាបថធ្វើពីកញ្ចក់ស្ទើរតែទាំងអស់ និងអេក្រង់កោងពីផ្នែកមួយទៅផ្នែកមួយ ដោយគ្មានរន្ធកាត់ណាមួយឡើយ។ ការរចនានេះ គឺមានបំណងផ្តល់បទពិសោធន៍អេក្រង់មួយដែលរលូន និងត្រជាក់ភ្នែកដល់អ្នកប្រើប្រាស់ និងចំពេលនៃការប្រារព្ធខួប២០ឆ្នាំនៃការចេញលក់ iPhone។ នេះបើយោងតាមប្រភពពីអ្នកវិភាគល្បីមកពី Bloomberg គឺលោក Mark German និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Verge នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
iPhone ថ្មីនេះអាចនឹងមានបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ ដូច្នេះគ្មានការចាំបាច់ឲ្យមាន notch ឬរន្ធ punch-hole ទៀតទេ ហើយអាចប្រើប្រាស់បន្ទះកញ្ចក់បន្តគ្នាឲ្យគ្របដណ្ដប់លើទាំងម៉ាស៊ីន។ Apple ក៏អាចនឹងចេញ iPhone បើកបិទបាន (foldable) ដំបូងក្នុងពេលដូចគ្នាផងដែរ ខណៈ iPhone ដែលអាចបើកបិទបាននេះ អាចនឹងមានអេក្រង់ខាងក្នុង ៧.៨ អ៊ីញ ដោយគ្មានស្នាម និងអេក្រង់ខាងក្រៅ ៥.៦ អ៊ីញ។ វានឹងប្រើបច្ចេកវិទ្យា touch ទៅលើអេក្រង់ OLED ដែលបានរួមបង្កើតជាមួយ Samsung។ បច្ចេកវិទ្យានេះនឹងធ្វើឲ្យម៉ាស៊ីនស្ដើងចុះ ១៩% និងបង្កើនប្រសិទ្ធភាពនៃការប៉ះលើអេក្រង់កាន់តែខ្លាំងជាងមុន។
ការច្នៃប្រឌិតបន្ថែមរបស់ Apple រួមមាន វ៉ែនតាវៃឆ្លាត (smart glasses) ដើម្បីប្រកួតជាមួយវ៉ែនតា Ray-Ban របស់ Meta, AirPods និង Apple Watch ជំនាន់ថ្មីដែលអាចមានកាមេរ៉ា, និងឧបករណ៍រ៉ូបូតសម្រាប់ផ្ទះវៃឆ្លាតដែលមានបញ្ញាសិប្បនិម្មិត (AI)។ ងាកមកកម្មវិធី Siri ក៏នឹងទទួលបានការធ្វើឲ្យប្រសើរឡើង ជាមួយបណ្តុំម៉ូឌែលភាសាធំ (LLMs) ដែលដំណើរការដោយ AI ថ្មី បង្កើតឡើងដោយក្រុមវិស្វករដែលបានចូលរួមបង្កើត Apple Silicon ផងដែរ។
សរុបមកការផ្លាស់ប្តូរទាំងនេះបង្ហាញថា Apple កំពុងត្រៀមសម្រាប់ឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ជាមយយនឹងការបញ្ជូនប្រព័ន្ធឧបករណ៍ចល័ត ឧបករណ៍ពាក់បាន AI និងរ៉ូបូតទាំងមូល ឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រៅ។ ដូច្នេះដើម្បីដឹងថា តើការសន្និដ្ឋានរបស់អ្នកវិភាគខាងលើជាការពិតឬយ៉ាងណា គឺមានតែរងចាំតាមដានទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រផលិតរបស់ Apple៕