(ភ្នំពេញ)៖ លោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្ដរជាតិ(IPC) បានធ្វើដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ និងគាំទ្រដល់ចលនាប៉ារ៉ាឡាំពិកនៅកម្ពុជា ។
ជាមួយដំណើរទស្សនកិច្ចរបស់ប្រធាន IPC ខាងលើ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងចាត់ទុកនេះ គឺជាកិត្តិយស និងមោទនភាពមួយ សម្រាប់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេស ៥ប្រទេស រួមមានជប៉ុន កម្ពុជា វៀតណាម ឡេអូន និងអូស្ដ្រាលី ដែលត្រូវបានលោក Andrew Parsons ជ្រើសរើសធ្វើដំណើរទស្សនកិច្ច ក្នុងឆ្នាំ២០២៥ នេះ។
សម្រាប់គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺលោកចង់ជួបពិភាក្សា ស្វែងយល់ និងជួបគាំទ្រដល់ចលនាប៉ារ៉ាឡាំពិកនៃប្រទេសសមាជិក ជាក់ស្ដែងប្រទេសកម្ពុជា ។ លោក Andrew Parsons រំពឹងថា ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជាផ្លែផ្កា ក្នុងកិច្ចសហការរវាងគ្នាទៅវិញទៅមក ដើម្បីរៀបចំ និងជំរុញចលនាប៉ារ៉ាឡាំពិកនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោក យី វាសនា បានឲ្យដឹងថា កំឡុងដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្ដរជាតិខាងលើ ក្រៅពីធ្វើដំណើរទស្សនា និងជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីនៅតាមទីលានហ្វឹកហាត់នានា លោកក៏នឹងត្រូវបានការអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាផងដែរ៕