(បរទេស)៖ ក្លិបអេស្ប៉ាញ Real Madrid ចង់យកលោក Xabi Alonso ដែលទើបបានប្រកាសលាឈប់ពី Bayer Leverkusen មកដឹកនាំ ដើម្បីឱ្យបានមុនពេលព្រឹត្តិការណ៍ក្លិបអន្តរទ្វីប FIFA Club World Cup 2025 ចាប់ផ្តើមនាខែក្រោយនេះ។

យោងតាមប្រភពនានាដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា Alonso វ័យ ៤៣ឆ្នាំ នឹងធ្វើដំណើរទៅទីក្រុង Madrid ប្រទេសអេស្ប៉ាញនាថ្ងៃទី០១ ខែមិថុនា ដើម្បីរៀបចំក្រុមឈុតដំបូង ដើម្បីលេងកម្មវិធីរបស់ FIFA នាថ្ងៃទី១៨ ខែមិថុនា ទល់នឹងក្រុម Al-Hilal មកពីអារ៉ាប៊ីសាអូឌីត នៅទីក្រុង Miami សហរដ្ឋអាមេរិក។

Alonso ដែលធ្លាប់លេងឱ្យក្លិប Real Madrid, Liverpool, Bayern Munich និងជម្រើសជាតិអេស្ប៉ាញផងនោះកាលនៅជាកីឡាករ បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា រូបលោកនឹងចាកចេញពីក្លិបអាល្លឺម៉ង់ Leverkusen នៅពេលចប់រដូវកាលឆ្នាំ២០២៤-២៥។

ថ្មីៗនេះដែរ អ្នកចាត់ការទូទៅបច្ចុប្បន្ន Real Madrid លោក Carlo Ancelotti ក៏នឹងចាកចេញពីទឹកដី Santiago Bernabeu នៅចុងបញ្ចប់រដូវកាលនេះដូចគ្នា ដើម្បីបន្តអាជីពគ្រូបង្វឹកក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីល ដែលត្រៀមដឹកនាំអធិរាជស លេង ១ប្រកួតចុងក្រោយទល់នឹង Real Sociedad នៅថ្ងៃបិទរដូវកាល La Liga នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥៕