(រីយ៉ូ)៖ គ្រូបង្វឹកចាស់វស្សា Carlo Ancelotti បានព្រមព្រៀងក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិសាំប្រេស៊ីល រហូតដល់បំណាច់ឆ្នាំ២០២៦ ពោលគឺក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។
ប្រេស៊ីល ជាក្រុមជម្រើសជាតិដំបូង ក្នុងអាជីពគ្រូបង្វឹករបស់បុរសវ័យ ៦៥ឆ្នាំ ក្រោយពេលជោគជ័យក្នុងក្លិបអាជីពរួចមក។
មុនពេលចាកចេញពី Real Madrid លោក Ancelotti បានឈ្នះពានរង្វាន់ធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ២លើក ពីការវិលទៅដឹកនាំអធិរាជសមួយនេះជាលើកទី២ ពោលគឺក្នុងឆ្នាំ២០២២ និងចុងក្រោយឆ្នាំ២០២៤ មុនពេលក្រុមការពារតំណែងជើងឯក La Liga មួយនេះហាលអាវត្រឹមវគ្គ ៨ក្រុម ក្រោមថ្វីជើងរបស់ Arsenal រដូវកាលនេះ។
គ្រូបង្វឹកដែលជោគជ័យក្នុងក្លិបមួយនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការទន្ទឹងរង់ចាំពាន World Cup ក្នុងរយៈពេល ២៤ឆ្នាំ ពោលគឺចាប់តាំងពីពួកគេបានឈ្នះចុងក្រោយកាលឆ្នាំ២០០២ នៅជប៉ុន និងកូរ៉េខាងត្បូង ជាពេលដែល Ronaldo ស៊ុតបាន ៨គ្រាប់ផងដែរ។
មួយវិញទៀត លោក Ancelotti នឹងត្រូវបានគេរំពឹងថាធ្វើបានល្អ ដ្បិតធ្លាប់ធ្វើការជាមួយកីឡាករប្រេស៊ីលស្រាប់មានដូចជា Eder Militao, Vinicius Jr, Rodrygo, Casemiro និង Endrick ជាដើម នៅអំឡុងពេលដឹកនាំ Real Madrid ដែលឈ្នះ UCL បាន ៣លើក និង ២លើកជាមួយ AC Milan របស់អ៉ីតាលី៕