(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្នុងការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរីហើយ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ ខណៈលទ្ធផលការប្រកួតថ្ងៃចុងក្រោយនេះ អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងបន្ថែមទៀត រួមមានមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ២។

សម្រាប់មេដាយ ៥គ្រឿង ដែលក្រុមកីឡាចំបាប់កម្ពុជា ទើបដណ្ដើមបានខាងលើ រួមមាន៖ កឡាករ ហេង វុទ្ធី ប្រកួតវិញ្ញាសា Freestyle ទម្ងន់ក្រោម ៩២គីឡូក្រាម ឈ្នះមេដាយមាស ។ កីឡាករ ហេង រត្តថា ប្រកួតវិញ្ញាសា Freestyle ទម្ងន់ក្រោម ៩២គីឡូក្រាម ឈ្នះមេដាយប្រាក់ ។ កីឡាករ កែវ សុភ័ក្ត ប្រកួតវិញ្ញសា Freestyle ទម្ងន់ក្រោម ៧៩គីឡូក្រាម ឈ្នះមេដាយប្រាក់ និងប្រកួតវិញ្ញាសា Greco Romance ទម្ងន់ក្រោម ៨២គីឡូក្រាម ឈ្នះមេដាយសំរឹទ្ធ និងកីឡាការិនី ជា កញ្ញា ប្រកួតវិញ្ញាសា Freestyle ទម្ងន់ក្រោម ៧២គីឡូក្រាម ឈ្នះមេដាយសំរឹទ្ធ។

សរុបលទ្ធផលការប្រកួតរយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍អន្ដរជាតិខាងលើ ក្រុមកីឡាចំបាប់កម្ពុជា ដណ្ដើមបានមេដាយសរុប ៨គ្រឿង ក្នុងនោះមានមេដាយមាស ១ មេដាយប្រាក់ ៣ និងមេដាយសំរឹទ្ធ ៤គ្រឿង។

គួរដឹងថា ព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរីនេះ កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូបចូលរួម ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ ក្នុងគោលបំណងសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ៕