(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានរាយការណ៍មកថា កំពុងពិចារណាការបង្កើនតម្លៃ iPhone ម៉ូដែលថ្មីដែលនឹងចេញលក់នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥ ខាងមុខ។ ការតម្លើងថ្លៃនេះ នឹងធ្វើឲ្យតម្លៃ iPhone ម៉ូដែលដើមកើនឡើងពី ៧៩៩ដុល្លារទៅប្រហែល ១,១៤២ដុល្លារ ដែលជាការកើនឡើងប្រហែល ៤៣%។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

តាមរបាយការណ៍ពីសារព័ត៌មានជាច្រើនដែលបានចេញផ្សាយរួមទាំងពី the Wall Street Journal ផងនោះ បានឲ្យដឹងថាមូលហេតុនៃការកើនតម្លៃ គឺដោយសារតែ Apple មានគម្រោងបន្ថែមលក្ខណៈពិសេសថ្មីៗជាច្រើនលើ iPhone ជំនាន់ថ្មីរបស់ខ្លួនដូចជា៖ មានការរចនាថ្មីស្ដើងជាងមុន, បច្ចេកវិទ្យា A18 chip, ម៉ាស៊ីនថតកាន់តែខ្ពស់, អាយុកាលថ្មវែងជាង, អេក្រង់ប្រសើរឡើង, ប៊ូតុង Action និង Camera Control ថ្មី, សមត្ថភាពថតវីដេអូកាន់តែខ្ពស់ជាដើម។ Apple បង្ហាញថា ការកើនតម្លៃនេះមិនមែនមកពីពន្ធអាករដែលកំពុងកើតមាននោះទេ ប៉ុន្តែដោយការកែលម្អផ្នែកបច្ចេកវិទ្យា។

ងាកមកកត្តាពន្ធអាករ និងការចំណាយថ្លៃផលិត ទោះបីសហរដ្ឋអាមេរិក និងចិនបានកាត់បន្ថយពន្ធមួយចំនួន តែតម្លៃ iPhone នៅតែត្រូវបង់ពន្ធ ៣០%។ ក្រុមហ៊ុន Apple បាននិយាយនៅដើមខែនេះថា ពន្ធគយត្រូវបានគេរំពឹងថា នឹងបន្ថែមការចំណាយប្រហែល៩០០លានដុល្លារ ក្នុងអំឡុងត្រីមាសខែមេសាដល់ខែមិថុនា ហើយថាដើម្បីកាត់បន្ថយការចំណាយ Apple បានផ្លាស់ប្តូរទីតាំងផលិតទៅឥណ្ឌា ប៉ុន្តែម៉ូឌែលដែលមានលក្ខណៈខ្ពស់នៅត្រូវផលិតនៅចិន។

អ្នកវិភាគគិតថា ការកើនតម្លៃខ្លាំងអាចធ្វើឲ្យ Apple បាត់បង់ភាគហ៊ុននៅលើទីផ្សារ ដោយរបូតទៅដល់ដៃគូប្រជែងដូចជា Samsung។ Apple កំពុងព្យាយាមប្រើបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាថាតម្លៃថ្មីនេះ គឺសមនឹងអ្វីដែលអតិថិជនទទួលបាន៕